នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំសិក្ខាសាលាស្តីពី «ទម្លាប់ល្អទាំង៧ ដ៏មានប្រសិទ្ធភាពសម្រាប់បុគ្គលឆ្នើម» នៅសហសាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ក្នុងបំណងផ្ដល់ចំណេះដឹង ជំនាញ ដល់មាតា បិតា ឬអាណាព្យាបាលសិស្ស ដែលជាបុគ្គលិករដ្ឋ ឯកជន ក្រុមហ៊ុនដៃគូ អង្គការសង្គមស៊ីវិល និងជាម្ចាស់អាជីវកម្ម សម្រាប់ជាទុន និងសមត្ថភាព ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងអាជីពរបស់ពួកគាត់។
លោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា៖ ទម្លាប់ល្អទាំង៧នេះរួមមាន៖
01) បង្កើនភាពជាម្ចាស់ការលើការងាររបស់ខ្លួន
02) ជំនាញរៀបចំផែនការការងារច្បាស់លាស់
03) ជំនាញគ្រប់គ្រង់ និងចាត់ចែងអាទិភាពការងារសំខាន់មុន
04) ជំនាញគិតបែប ឈ្នះ-ឈ្នះ ដើម្បីស្វែងរកផលប្រយោជន៍រួម
05) បង្កើននូវប្រសិទ្ធភាពខ្ពស់ក្នុងការទំនាក់ទំនង
06) បង្កើនការសហការគ្នាដែលមានភាពច្នៃប្រឌិតដើម្បីឧត្តមប្រយោជន៍រួម
07) ជំនាញដើម្បីសម្រេចជោគជ័យផ្ទាល់ខ្លួនប្រចាំថ្ងៃ
នាយកប្រតិបត្តិរូបនេះ បានបន្ថែមទៀតថា ៖ ជាធម្មតាការកែប្រែទម្លាប់វាមិនមែនធ្វើមួយថ្ងៃ ពីរថ្ងៃ មួយសប្ដាហ៍បាននោះទេ ប៉ុន្តែវានឹងជោគជ័យ នៅពេលយើងផ្លាស់ប្ដូរម្ដងតិចៗ ហើយលោកសង្ឃឹមថា សិក្ខាសាលាមួយនេះ នឹងផ្ដល់ចំណេះដឹងបន្ថែមទៀតដល់មាតា បិតា ឬអាណាព្យាបាលសិស្ស ដែលជាបុគ្គលិករដ្ឋ ឯកជន ក្រុមហ៊ុនដៃគូ អង្គការសង្គមស៊ីវិល និងជាម្ចាស់អាជីវកម្ម ដែលបានចូលរួម។
លោក ប៉ិច ប៉ូឡែន បានលើកឡើងផងដែរថា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប នៅតែបន្តស្វែងរកដៃគូវិនិយោគ និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍គុណភាពអប់រំ និងបណ្ដុះបណ្ដាលធុនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះទិសដៅវិនិយោគមានដូចជា ការបើកមជ្ឈមបណ្ឌលភាសាបរទេសសម្រាប់ការងារពាណិជ្ជកម្ម និងទំនាក់ទំនងការងារ សាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រាសតូច និងមធ្យម៕