ក្រុមហ៊ុន SRE Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំរបស់ចិនបានប្រារព្ធពិធីបើកការដ្ឋាន និងពិធីសម្ភោធមជ្ឈមណ្ឌលលក់គម្រោងទីក្រុងរំដួល (ROMDUOL CITY) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលជាគម្រោងអគារពាណិជ្ជកម្ម និងលំនៅឋានលំដាប់ខ្ពស់ដំបូងគេបំផុត បែបសួនឧទ្យានបៃតង នៅក្នុងខណ្ឌសែនសុខ។
នៅក្នុងពីធីបើកការដ្ឋាននេះដែរ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖ រាជធានីភ្នំពេញកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងឆាប់រហ័សថ្មីមួយ ហើយខណ្ឌសែនសុខ ដែលមានគម្រោងទីក្រុងរំដួលស្ថិតនៅនេះទៀតសោត គឺជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងសុខាភិបាលនៃរាជធានីភ្នំពេញ ហើយក៏ជាតំបន់អភិវឌ្ឍស្នូលសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគតផងដែរ។
លោក រំពឹងទុកថា គម្រោងទីក្រុងរំដួលដែលក្រុមហ៊ុន SRE Group ខិតខំរៀបចំផែនការ និងកសាងដោយយកចិត្តទុកដាក់បំផុតនេះ អាចលើកកម្ពស់ដល់កម្រិតស្ថាបត្យកម្មទីក្រុង និងមុខមាត់របស់រាជធានីភ្នំពេញ និងនាំមូលនូវថាមពលថ្មីៗបន្ថែម ដល់ការអភិវឌ្ឍន៍ទីក្រុង និងក្លាយទៅជានាមប័ណ្ណថ្មីមួយ ដែលស្តែងឱ្យឃើញពីភាពបើកចំហ ថាមពល និងភាពជាទីក្រុងអន្តរជាតិរបស់ទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ហើយនៅក្នុងឱកាស«ខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន» ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ គម្រោងទីក្រុងរំដួលដែលក្រុមហ៊ុន SRE Group បាននិងកំពុងអភិវឌ្ឍជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ នឹងក្លាយទៅជាគម្រោងមួយ ដែលជួយរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឈ្នះៗរបស់ភាគីទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
អគ្គនាយកក្រុមហ៊ុន SRE Group លោក LIU FENG បានមានប្រសាសន៍ថា ៖ ការចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើកនេះ ក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះគោលនយោបាយជាយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយ វិថីមួយ»របស់រដ្ឋាភិបាលចិនផងដែរ។ សក្តានុពលភាពអភិវឌ្ឍន៍នៃទីផ្សារអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ និងអនាគតអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដែលជាប្រទេសសេដ្ឋកិច្ចថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ជាមូលហេតុដែលទាក់ទាញក្រុមហ៊ុន SRE Group មកធ្វើការវិនិយោគនៅទីនេះដែរ។ លោកបានបញ្ជាក់ថា គម្រោងទីក្រុងរំដួលនេះ មានទីតាំងនៅចន្លោះចំណុចកណ្តាលក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មធំជាងគេ នៅក្នុងប្រទេសកម្ពុជា ហេតុនេះវាស្ថិតនៅចំទីតាំងអភិវឌ្ឍបំផុតក្នុងទីក្រុង ដោយមិនត្រឹមតែប្រមូលផ្តុំនូវធនធានអប់រំ សុខាភិបាល ពាណិជ្ជកម្ម និងចរាចរណ៍ល្អបំផុតប៉ុណ្ណោះទេ វាថែមទាំងបំពេញនូវតម្រូវការ លើកកម្ពស់កម្រិតលំនៅឋាន កាន់តែងាយស្រួលជាទីបំផុត។
គម្រោងទីក្រុងរំដួលត្រូវបានកំណត់ជា «សហគមន៍រស់នៅបែបអេកូឡូស៊ីអន្តរជាតិមួយ» ហើយគម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី១៦៣២៧ម៉ែត្រការ៉េ ដោយសាងសង់លំនៅឋាន លំដាប់ខ្ពស់ចំនួន៤អគារ ផ្សារទំនើប និងចំណតរថយន្តចំនួន២ជាន់នៅខាងក្រោម។
លោក Matthew Hon អ្នកគ្រប់គ្រងគម្រោង «ទីក្រុងរំដួល» បានឱ្យដឹងថា គម្រោងទីក្រុងរំដួលនេះបង្កប់នូវទ្រឹស្តីសហគមន៍រស់នៅបែបសួនឧទ្យានបៃតង ដ៏ធំនិងកម្រមួយនៅក្នុងទីក្រុងភ្នំពេញ ដោយវាត្រូវបានរចនាឱ្យមានសួនអេកូឡូស៊ីបែបអាស៊ីបូព៌ា ច្របាច់បញ្ចូលគ្នាយ៉ាងល្អ នូវទេសភាពដើមត្នោតនិងទឹកថ្លាឆ្វេង បង្កើតបានជាសួនឧទ្យាន អេកូឡូស៊ីដ៏ស្រស់សោភា។ នៅក្នុងសួនឧទ្យាននេះ មានកសាងននូវកុមារដ្ឋាន តំបន់លេងទឹកសម្រាប់កុមារ អាងហែលទឹកខាងក្រៅ មជ្ឈមណ្ឌលស្ប៉ា សួនហាត់ប្រាណ តំបន់លំហែរកាយកម្សាន្តខាងក្រៅ ស្ថានីយ៍ពហុបំណង មជ្ឈមណ្ឌលអាហារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការរស់នៅរបស់មនុស្សគ្រប់វ័យ បង្កើតជាបែបផែននៃការរស់នៅបែបទាន់សម័យនៅក្នុងបរិយាកាសធម្មជាតិអេកូឡូស៊ី ៕