ភ្នំពេញ៖ ធនាគារឯកទេស វីង ដែលជាធនាគារឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅកម្ពុជា បានទទួលពានរង្វាន់ “សេវាប្រតិបត្តិការ មិនប្រើសាច់ប្រាក់ល្អបំផុត ឆ្នាំ 2018 (Best Non-Cash Transaction Service 2018)” នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards ដែលត្រូវបានរៀបចំដោយក្រុមហ៊ុន International Data Group (IDG ASEAN) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយដោយក្រុមហ៊ុន IDG ASEAN។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានសរសេរថា៖ “ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ទទួលបានពាន “សេវាប្រតិបត្តិការ មិនប្រើសាច់ប្រាក់ល្អបំផុត ឆ្នាំ2018” ព្រោះក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វីង បានផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយជាច្រើន សម្រាប់ការទូទាត់ប្រាក់ ដោយមិនប្រើសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។ វីង ត្រូវបានអតិថិជនទទួលស្គាល់ថា មានភាពងាយស្រួល, មានសុវត្ថិភាពក្នុងពេលប្រតិបត្តិការ និងមានប្រជាប្រិយភាព។
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីសប្តាហ៍មុន នៅសណ្ឋាគារ The Great Duke ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, សមាគម FinTech, សមាគមនៃសហព័ន្ធទូរគមនាគមន៍ ព័ត៌មានវិទ្យា កម្ពុជា រួមជាមួយតំណាងអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង ដែលបានចូលរួមដើម្បីទទួលយកពានរង្វាន់ នៅក្នុងកម្មវិធីនារាត្រីនោះ បានមានប្រសាសន៍ថា លោកមានមោទនភាពខ្លាំងណាស់ ដែល វីង ទទួលបានពានរង្វាន់នេះ បន្ទាប់ពីរយៈពេលត្រឹមតែប៉ុន្មានខែមុននេះ វីង បានទទួលពានរង្វាន់ចំនួន2 ពីកម្មវិធី ASEAN Business Awards នៅក្នុងប្រទេសសិង្ហបុរី។
លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “វីង មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយឲ្យប្រជាជនកម្ពុជា ទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាព នៅពេលនិយាយអំពីសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ។ ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់យើង ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាជន ដែលមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ នៅក្នុងប្រទេស។ កាលពីអតីតកាល ពួកគេ បានប្រឈមនឹងឧបសគ្គជាច្រើន ហើយបានប្រឈមទៅនឹងហានិភ័យ ដោយពួកគេពឹងផ្អែកលើភាគីទី3 ដើម្បីបញ្ចូនសាច់ប្រាក់ ទៅគ្រួសាររបស់ពួកគេ។ សេវាផ្ទេរប្រាក់របស់វីង បានផ្លាស់ប្តូរនូវអ្វីៗទាំងអស់នេះ ដោយអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមិនមានគណនីធនាគារ ធ្វើការផ្ទេរនិងទទួលប្រាក់ ប្រកបដោយសុវត្ថិភាព និងបានភ្លាមៗ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ”។
គួររម្លឹកផងដែរថា មុនពេលធ្វើការសម្រេចផ្តល់រង្វាន់ ក្រុមហ៊ុន IDG ASEAN បានធ្វើការស្ទង់មតិចំពោះការពេញចិត្ត របស់អតិថិជនលើសេវាកម្ម 4G, សេវាអ៊ិនធើណេត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី1 ខែកក្កដា ដល់ថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2018។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុន IDG ASEAN បានបញ្ជូនការស្ទង់មតិ ចំនួន 40000 និងទទួលបានដោយជោគជ័យ នៃការស្ទង់មតិចំនួន 8000។ 60% នៃការស្ទង់មតិ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអ៊ិនធឺណែត និង40% ធ្វើឡើងដោយការសំភាសន៍ផ្ទាល់ នៅក្នុងខេត្តក្រុងធំ ៗ ចំនួន 5 របស់ប្រទេសកម្ពុជា រួមមាន រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តសៀមរាប និងទីក្រុងព្រះសីហនុ។ កម្រងសំណួរមានប្រធានបទចំនួន 7 ដែលមាន 18 សំណួរ៕