សាលាខេមប្រ៉ិជអន្តរជាតិកម្ពុជា (Cambridge International School of Cambodia)បានប្រារព្ធកម្មវិធី ខេមប្រ៉ិជ មានទេព្យកោសល្យ ប្រចាំឆ្នាំ២០១៨ (Cambridge’s Got Talent) ដែលមានអ្នកចូលរួមប្រមាណ ៥០០ នាក់ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន។
នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការសម្តែងសមត្ថភាពជំនាញសិល្បៈ ជំនាញបីភាសា ជំនាញនិយាយ និងមានការប្រគល់ជ័យលាភីដល់សិស្សពូកែប្រចាំត្រីមាស សម្រាប់សិស្សថ្នាក់មតេ្តយ្យសិក្សា បឋមសិក្សា និង មធ្យមសិក្សា។
ថ្លែងក្នុងពិធីនេះ លោកស្រី លីឡែត ប៉ិពិតូ (Lilet Pepito) នាយិកាមធ្យមសិក្សាអន្តរជាតិ បានបញ្ជាក់ថា រាល់ការរៀបចំលម្អិត សុទ្ធតែដឹកនាំដោយកុមារទាំងអស់ ទាំងពិធីករពិធីការិនី ទាំងអ្នកសម្តែង ដែលនេះជាគន្លឹះក្នុងការបណ្តុះគំនិតភាពជាអ្នកដឹកនាំនូវគ្រប់វិស័យ ។ ទន្ទឹមនឹងនោះ សាលាមានការរៀបចំក្រុមប្រឹក្សាកុមារ ដែលបោះឆ្នោតជ្រើសរើសដោយសិស្សានុសិស្សពីសិស្សានុសិស្សដើម្បីសិស្សានុសិស្សគ្នាគេ។
លោកស្រី ចូអាន់ ឡរែនណា (Joanne Lorena) នាយិកាមត្តេយ្យសិក្សា ដែលបានដឹកនាំសិស្សមត្តេយ្យចូលរួមពិធីនេះ កម្មវិធី មប្រ៊ីជ មានទេព្យកោសល្យ ប្រចាំឆ្នាំ២០១៨ បានបង្ហាញពីសមិទ្ធិផលរបស់សិស្សានុសិស្ស ដែលបានសិក្សាកន្លងមកនៅសាលា ព្រមទាំងឲ្យពួកគេអាចផ្លាស់ប្តូរពហុវប្បធម៌ និងអភិវឌ្ឍន៍សមត្ថភាពរបស់កុមារ។
ក្នុងនោះដែរ កុមារ ជា មុនីរតន៍ តំណាងសិស្សានុសិស្ស និងជាប្រធានក្រុមប្រឹក្សាកុមារ បានសម្តែងក្តីសោមនស្សរីករាយ ដោយសារគាត់មានការលូតលាស់ខ្លាំងក្លាជាងមុន រៀនសូត្រច្រើនជាងមុន វៃឆ្លាតជាងមុន និងមានទំនុកចិត្តខ្លាំងជាមុន។
គួរបញ្ជាក់ផងដែរថា សាលាខេមប្រ៉ិជអន្តរជាតិកម្ពុជា មិនត្រឹមតែអនុវត្តលើវិស័យអប់រំប៉ុណ្ណោះនោះទេ ក៏មានបញ្ចូលនូវសេវាដូចជា៖ កម្មវិធីមត្តេយ្យអន្តរជាតិ កម្មវិធីសិក្សាអន្តរជាតិ កម្មវិធីភាសាខ្មែរ និងកម្មវិធីភាសាចិនជាដើម៕