ពិធីចុះអនុស្សរណៈយោគយល់លើកិច្ចព្រមព្រាងសហប្រតិបត្តិការធុរកិច្ច រវាងក្រុមហ៊ុន Korean In World ក្រុមហ៊ុន CPL និងក្រុមហ៊ុន HBAA ដើម្បីផ្តល់សេវាកម្មប្រឹក្សា និងធ្វើគម្រោងអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅអាគារការិយាល័យ ក្រុមហ៊ុន CPL។
កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់ ឧកញ៉ា ចេង ខេង ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CPL, លោក Jin Sun Park នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Korean In World Co., Ltd និង លោក ជា ប៊ុនសៀង សហស្ថានិក និង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HBAA។
ថ្លែងក្នុងពិធីនេះ ឧកញ៉ា ចេង ខេង ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនចំណាស់ជាងគេក្នុងវិស័យអចលវត្ថុនៅកម្ពុជាចាប់តាំងពីឆ្នាំ 1997 បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនអចលទ្រព្យនៅប្រទេសកូរ៉េ មានគោលបំណង់ចង់ពង្រីកសេវាកម្មរបស់ខ្លួនឲ្យក្លាយជា One Stop Service គឺចាប់ផ្តើមពីការទិញដី, ការសាងសង់, ការលក់, ក៏ដូចជាការគ្រប់គ្រងគម្រោងជាដើម។
ឧកញ៉ា ចេង ខេង បានបន្ថែមថា កិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយក្រុមហ៊ុនកូរ៉េ ដែលមានជំនាញយ៉ាងច្បាស់លាល់លើផ្នែករចនាប្លង់ស្ថាបត្យកម្មតាំងពីឆ្នាំ 2002 នេះ នឹងអាចជួយភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាអោយក្លាយទៅជា Smart City ទៅថ្ងៃខាងមុខ។
ជាមួយគ្នានេះដែរ លោក Jin Sun Park នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Korean In World Co., Ltd ក៏បានលើកឡើងថាលោកមានភាពសប្បាយរីករាយដែលបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅកម្ពុជា ហើយលោកសង្ឃឹមថា ទៅថ្ងៃមុខនឹងអាចធ្វើសកម្មភាពរួមគ្នាជាច្រើនក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ។
ក្នុងនោះ លោក ជា ប៊ុនសៀង សហស្ថានិក និង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HBAA បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំង៣នេះ គឺជាការប្រមូលម្តុំអ្នកមានចំនេះ និងជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ ដែលលោកសង្ឃឹមថានឹងអាចជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបានយ៉ាងឆាប់រហ័ស៕