ស្របតាមបរិបថ ដែលប្រទេសកម្ពុជា កំពុងមានការរីកចម្រើន ឥតឈប់ឈរ លើគ្រប់វិស័យ ហើយបាននិងកំពុងបោះជំហានពីប្រទេសកសិកម្ម ទៅជាប្រទេសឧស្សាហកម្ម ដើម្បីកាត់បន្ថយការនាំចូលសម្ភារៈសំណង់ពីបរទេស ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋ កាត់បន្ថយអត្រាចំណាកស្រុកផងនោះ វិនិយោគិនខ្មែរ បានបោះទុន បង្កើតរៀងចក្រថ្មីៗ លំដាប់អន្តរជាតិជាច្រើន នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។
ជាក់ស្តែង នៅថ្ងៃទី 07ខែធ្នូឆ្នាំ2018 នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធជាផ្លូវការរោងចក្រផលិតក្បឿង និងទុយោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិល្បកម្ម ដែលមានទីតាំងនៅក្នុងទឹកដីឃុំ ជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស នឹងនាំចេញលក់ទៅក្រៅប្រទេសទៀតផង។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុម អគ្គនាយកក្រុមហ៊ុនជីបម៉ុង បានលើកឡើងនៅក្នុងពិធីសម្ពោធនាថ្ងៃនេះថា ៖ យើងសម្ពោធជាផ្លូវការ រោងចក្រឧស្សាហកម្មខ្នាតធំ ដែលវិនិយោគដោយកូនខ្មែរ 100ភាគរយ ចំនួនពីរថ្មីបន្ថែមទៀត លើផ្ទៃដី 11ហិកតា ហើយរោងចក្រនីមួយមានបំពាក់ដោយគ្រឿងចក្រទំនើប និងបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសអ៊ីតាលី ហើយបុគ្គលិកបម្រើការមានចំណេះ និងជំនាញច្បាស់លាស់ មានបទពិសោធន៍យូឆ្នាំ និងទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញជាតិ និងអន្តរជាតិ។
លោកឧកញ៉ាបញ្ជាក់ថា រោងចក្រផលិតក្បឿង ជីបម៉ុង មានលទ្ធភាពអាចផលិតក្បឿងបាន 140សន្លឹកក្នុង1នាទី ខណៈរោងចក្រផលិតទុយោមានសមត្ថភាពអាចផលិតទុយោបាន 500តោនក្នុង1ខែ ដែលអាចឆ្លើយតបបានតាមតម្រូវការទីផ្សារសំណង់ក្នុងប្រទេសកម្ពុជា។
ការបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំបែបនេះ ជាការចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន តាមរយៈការបង្កើតឱកាសការងារដ៏សំបូរបែបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្នុងឱកាសនោះថា ការបង្កើតពាណិជ្ជកម្ម ដែលមានផលិតផល និងសេវាកម្មក្នុងវិស័យផ្សេងៗ របស់ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែអាចបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យកម្ពុជា មានផលិតផលក្នុងស្រុកដែលមានទាំងគុណភាព និងតម្លៃប្រសើរជាងផលិតផលនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកផងដែរ៕