ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជម្រុញ និងលើកទឹកចិត្តដល់ប្អូនៗយុវជន ចូលរួមអនុវត្ត និងផ្សព្វផ្សាយពីយុទ្ធនាការភ្នំពេញស្អាត ដល់ប្អូនៗដទៃទៀត ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងមុខមាត់ប្រទេសជាតិ។ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្អូនៗយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើទង្វើរល្អៗដល់សង្គមជាតិ ដើម្បីក្លាយយុវជនគំរូសម្រាប់មនុស្សជំនាន់ក្រោយ ជោគជ័យក្នុងជីវិតរបស់ប្អូនៗ គឺជោគជ័យរបស់ប្រទេសជាតិផងដែរ។ នេះជាប្រសាសន៌របស់ឯកឧត្តម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការភ្នំពេញស្អាត នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក នៅថ្ងៃទី14 វិច្ឆិកា 2018។
លោកជំទាវ ទេព កុលាប ដែលជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានមានប្រសាសន៍ថា សំរាម និងកាកសំណល់ផ្សេងៗ បង្ករឡើងដោយកត្តាជាច្រើនដូចជា ការប្រមូល និងទុកដាក់សំរាមនៅមានកំរិត ទម្លាប់របស់ប្រជាជនបោះចោលសំរាម ប្រជាជនទទួលបានការអប់រំពីផលប៉ះបាល់នៃកាកសំណល់តិចតួច កម្មវិធីអប់រំពីការគ្រប់គ្រងកាកសំណល់នៅគ្រឹះស្ថានអប់រំមិនសូវទូលំទូលាយ។
លោកជំទាវបានបន្ថែមថា យុទ្ធនាការភ្នំពេញស្អាតបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ2017 ហើយនឹងបន្តធ្វើយុទ្ធនាការនេះរៀងរាល់ឆ្នាំ ក្នុងគោលបំណងអប់រំ និងលើកទឹកចិត្តដល់ប្រជាជនក្នុងការចូលរួមសហការលើកកម្ពស់សោភណ្ឌភាពទីក្រុងតាមរយៈ ការមិនចោលសំរាមតាមទីសាធារណៈ ផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួន និងទុកដាក់កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ។
លោកជំទាវបានបន្តទៀតថា យុទ្ធនាការនេះមានការចូលរួមយ៉ាងផុលផុល និងទទួលបានការគាំទ្រពីយុវជន បណ្តាក្រុមហ៊ុនឯកជន សាលារៀនរដ្ឋ-ឯកជន សាកលវិទ្យាល័យ សមាគម អង្គការជាតិ-អន្តរជាតិ ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល។
ក្នុងកម្មវិធីនេះមានការរៀបចំល្បែងលេងកម្សាន្តផ្សេងៗ និងការពិភាក្សាជាក្រុមលើប្រធានបទខុសៗគ្នា ពាក់ព័ន្ធនឹងទីក្រុងស្អាត។
គូរបញ្ជាក់ថាពាក់ពន័្ធនឹងការងារបរិស្ថាន និងអនាម័យ សាលារៀនវ៉េស្ទឡាញន៍តែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តជាប្រចាំ ចាប់តាំងពីសាលារៀនបានបង្កើតឡើងក្នុងឆ្នាំ2008 ហើយសាលារៀននៅតែបន្តគាំទ្រយុទ្ធនាការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាបរិស្ថាតសហគមន៍ឱ្យបានស្អាត ព្រមទាំង កាត់បន្ថយការចោលសំរាមនៅតាមទីសាធារណៈ។