ខេត្តតាកែវ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ស្របតាមទិសស្លោក «អំណានជាកំណប់វិជ្ជាមហាសាល» និងបន្តចូលរួមជំរុញទម្លាប់នៃការអានរបស់សិស្សានុសិស្ស និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា អគារបណ្ណាល័យដ៏ថ្មីស្រឡាងពណ៌បៃតងមួយខ្នង ដែលសាងសង់ និងឧបត្ថម្ភគាំទ្រថវិកាដោយមូលនិធិប្រាសាក់ និងសហការអនុវត្តគម្រោងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
អគារបណ្ណាល័យដ៏ថ្មីស្រឡាងនេះស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្ដូងសំរិត ក្នុងភូមិអណ្ដូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ក្រោមអធិបតីភាពឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អាជ្ញាធរដែនដី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងសហគមន៍។
លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងឱ្យដឹងថា អគារបណ្ណាល័យនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ មានទំហំ 9 ម៉ែត្រ x 12 ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភទាំងស្រុងពីមូលនិធិប្រាសាក់។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្ស ដើម្បីឱ្យបណ្ណាល័យនេះដំណើរការបានដោយរលូន និងមាននិរន្តន៍ភាព។
លោក អ៊ុំ សមអឿន បានបន្តទៀតថា បណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ ជាបណ្ណាល័យទី 25 ហើយ ដែលប្រាសាក់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីទុកជាចំណងដៃជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍។ ដោយឡែក ចំពោះខេត្តតាកែវ នេះគឺជាបណ្ណាល័យទី 4 ហើយ ដែលខេត្តនេះបានទទួលពីប្រាសាក់ ដោយបណ្ណាល័យ៣ទៀត គឺស្ថិតនៅ សាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃធំ សាលាបឋមសិក្សាព្រៃល្វា និងសាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃយុថ្កា។ គិតត្រឹមឆ្នាំ 2018 ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់ 30 ខ្នង នៅក្នុងខេត្តចំនួន 9 រួមមាន តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ និង ខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សចំនួនជាង 77,000 នាក់ មកពី 343 ភូមិ។ លោកបន្តទៀតថា «អគារបណ្ណាល័យនេះ ជានិមិត្តរូបមួយដែលមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំពោះអតិថិជនក្នុងសហគមន៍ ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។
ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ និងផ្ដល់ការសហការយ៉ាងល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វប្បធម៌នៃការអាននៅកម្ពុជា។ ឯកឧត្ដមបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់កុំឱ្យមានការបាត់បង់។
ដោយឡែក លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់អគារបណ្ណាល័យរហូតដល់ 4 សម្រាប់ទឹកដីខេត្តតាកែវ។ នេះជាការចូលរួមយ៉ាងធំធេងរបស់ប្រាសាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តតាកែវ។ លោកក៏បានផ្ដាំផ្ញើឱ្យសិស្សានុសិស្សនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ អណ្ដូងសំរិត ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងចាប់យកទម្លាប់នៃការអានសៀវភៅតាមរយៈបណ្ណាល័យនេះ ដើម្បីបានលទ្ធផលល្អក្នុងការសិក្សា និងក្លាយជាសិស្សពូកែទាំងអស់គ្នា។
ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រឱ្យគម្រោងនេះលេចជារូបរាងឡើង។ ឯកឧត្ដមបន្តថា ការផ្ដល់ជាអគារបណ្ណាល័យរបស់ប្រាសាក់នៅពេលនេះ សមស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ ជំរុញការអាន បណ្ដុះបណ្ដាលធនធានមនុស្ស។
ឯកឧត្ដម ក៏បានសំណូមពរចំពោះមាតាបិតាទាំងអស់ថា ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែជំរុញកូនឱ្យបានទៅរៀនគ្រប់ៗគ្នា កុំឱ្យកូនបោះបង់ការសិក្សាឱ្យសោះ និងជំរុញកូនឱ្យអានសៀវភៅជានិច្ច ព្រោះចំណេះដឹងពិតជាមានសារៈសំខាន់ណាស់។ តាមរយៈបណ្ណាល័យនេះ គឺជាកំណប់ទ្រព្យដ៏មហាសាល ដែលសិស្សានុសិស្សនៅក្នុងសាលាអណ្ដូងសំរិតនេះ ត្រូវជីកកកាយយកចំណេះវិជ្ជា សម្រាប់កសាងខ្លួន គ្រួសារ សហគមន៍ និងប្រទេសជាតិ។ ឯកឧត្ដមបានផ្ដាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យបានខ្លាំងពូកែ ហើយយកចំណេះដឹងមកជួយកសាងសហគមន៍ស្រុកកំណើតឱ្យបានរីកចម្រើន។ ជាចុងក្រោយ ឯកឧត្ដមក៏បានសំណូមពរឱ្យមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៍ ចូលរួមថែរក្សាបណ្ណាល័យនេះឱ្យបានគង់វង្សច្រើនជំនាន់ទៅមុខ។