ភ្នំពេញ៖ នៅសណ្ឋាគារសុខារាជធានីភ្នំពេញក្រុមហ៊ុន Gas Academy Pte. Ltd និងក្រុមហ៊ុន Arahata Consulting Co., Ltd និងមានការចូលរួមសហការជាមួយ 16 ក្រុមហ៊ុនផ្សេងទៀតបានរៀបចំកម្មវិធី “សន្និសីទស្តីពី អិលភីជី LPG – Liquefied Petroleum Gas នៅកម្ពុជា ឆ្នាំ 2018”។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល មន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ មន្ត្រីមកពីមន្ទីរ រ៉ែ និងថាមពលនៃរាជធានី-ខេត្តមួយចំនួន ភ្ញៀវមកពីបណ្តាអង្គការនានា ភ្ញៀវមកពីក្រុមហ៊ុនប្រេងឥន្ធនៈ រួមទាំងអាជីវករឧស្ម័ន អិលភីជី LPG ទាំងជាតិ និង អន្តរជាតិ ប្រមាណ 300នាក់។ នៅក្នុងសន្និសីទស្តីពី អិលភីជី LPG ក៏បានរៀបចំការតាំងពិពរណ៍បង្ហាញពីផលិតផលផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ឧស្ម័ន អិលភីជី LPG ចាប់ពីថ្ងៃទី13 ដល់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2018។
សន្និសីទនេះមានគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ គំរូអនុវត្តល្អៗ បទប្បញ្ញតិ និងសុវត្ថិភាពពាក់ព័ន្ធនឹងឧស្ម័ន អិលភីជី LPG។ នៅក្នុងនោះក៏មានការធ្វើបទបង្ហាញពីស្ថានភាពផ្គត់ផ្គង់ និង
តម្រូវការឧស្ម័ន អិលភីជី LPG នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាពិសេសនៅប្រទេសកម្ពុជាដើម្បីទាក់ទាញដល់អ្នកវិនិយោគលើវិស័យនេះ ក៏ដូចជាវិស័យប្រេងកាតទាំងមូលផងដែរ។
គួរបញ្ចាប់ថា កម្មវីធីនេះទទួលបានការគ្រាំទ្រ និង សហការ រៀបចំពីភាគីសំខាន់ៗទាំងរដ្ឋ និងឯកជន ស្របពេលដែលក្រសួងរ៉ែ និងថាមពលកំពុង ខិតខំកសាងសមត្ថភាពមន្ត្រី និងបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងវិស័យប្រេងកាត ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តី ពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដើម្បីជំរុញបរិយាកាសធុរៈកិច្ចអនុគ្រោះដល់ការវិនិយោគ និងកិច្ចដំណើរការរបស់វិស័យឯកជនប្រកបដោយប្រសិទ្ធភាព។
នៅក្នុងកម្មវិធីសន្និសីទយ៉ាងមានសារៈសំខាន់នេះ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា នៅកម្ពុជាសព្វថ្ងៃពុំទាន់មានរោងចក្រផលិតឧស្ម័នហ្គាសនៅឡើយទេពោលគឺឧស្ម័នហ្គាសដែលប្រជាពលរដ្ឋប្រើប្រាស់នាពេលបច្ចុប្បន្ន នាំចូលមកពីបរទេសទាំងស្រុង។ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានបញ្ចាក់បន្ថែមថាចាប់ពីត្រីមាសទី 3 ឆ្នាំ 2019 នេះតទៅ ប្រទេសកម្ពុជាក៏អាចទាញយកឧស្ម័នហ្គាសប្រភេទនេះពីអណ្ដូងប្រេងរបស់ខ្លួនយកមកប្រើប្រាស់បានដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគលើវិស័យឧស្ម័ន អិលភីជី LPG នៅប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍តាំងពិព័រណ៍រយៈពេល3ថ្ងៃនេះ ក៏ជាឱកាសដ៏ពិសេសសម្រាប់អ្នកវិនិយោគ ដែលចង់វិនិយោគលើវិស័យឧស្ម័ន អិលភីជី LPG នៅកម្ពុជាផងដែរ៕