ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាមានក្តីសោមនស្សរីករាយជម្រាបជូនពីដំណើរទស្សនកិច្ចរបស់សិស្សវិទ្យាល័យជប៉ុនចំនួន 15រូបដែលជាសមាជិក JFA Academy ប្រចាំខេត្ត ហ្វូគឹស៊ីម៉ា និងអ្នកដឹកនាំចំនួន 3រូបមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី29 ខែតុលា ដល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2018 ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថា JENESYS 2018។
កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត និងរៀបចំដោយក្រសួងការបរទេសជប៉ុន។
អំឡុងពេលទស្សនកិច្ចនៅកម្ពុជា ពួកគាត់នឹងចូលរួមការប្រកួតបាល់ទាត់មិត្តភាព ព្រមទាំងកម្មវិធីសង្ខេបរបាយការណ៍ទស្សនកិច្ចដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖
-ការប្រកួតមិត្តភាពជាមួយក្រុមកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម 18ឆ្នាំ (U-18) (គ្រូបង្វឹកជប៉ុនលោក Musashi MIZUSHIMA នឹងបង្វឹកក្រុមកីឡាករកម្ពុជាU-18) នៅថ្ងៃទី31 ខែតុលា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)។
-ការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយFFC។
កម្មវិធីសង្ខេបរបាយការណ៍ទស្សនកិច្ចនេះនឹងរៀបចំឡើងនៅថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង11ព្រឹកនៅសណ្ឋាគារ Sunway ដើម្បីបង្ហាញពីសកម្មភាពទស្សនកិច្ចនៅកម្ពុជា។
ស្ថានទូតប្រចាំប្រទេសកម្ពុជារំពឹងថា កីឡាករបាល់ទាត់វ័យក្មេងជប៉ុន និងកម្ពុជានឹងកសាងចំណងមិត្តភាពកាន់តែស៊ីជម្រៅតាមរយៈការប្រកួតមិត្តភាពនេះដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ 65 ឆ្នាំនៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ ការប្រកួតទាំងពីរលើកនេះ គឺបើកឱ្យសាធារណជនចូលរួមទស្សនាដោយសេរី និងមិនគិតថ្លៃ៕