ការងារ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតរស់នៅ ដូច្នេះហើយ បើមនុស្សម្នាក់ៗមានឱកាសបានធ្វើការងារក្នុងស្ថាប័នដែលយកចិត្តទុកដាក់ ផ្ដល់ឱកាសបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញដល់បុគ្គលិក នោះពួកគេនឹងមានឱកាសខ្ពស់ក្នុងការទទួលបានទាំងចំណេះដឹងល្អៗ ទាំងតួនាទីនិងប្រាក់ខែខ្ពស់ ហើយប្រសិទ្ធភាពនិងផលិតភាពការងាររបស់បុគ្គលិកកាន់តែមានភាពល្អប្រសើរ ដែលកត្តានេះជួយឱ្យស្ថាប័នកាន់តែមានភាពរីកចម្រើននិងរឹងមាំ។
ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន 5 ក្នុងវិស័យធនាគារនៅកម្ពុជា បើគិតលើទ្រព្យសកម្ម និងឈរលំដាប់ទី 2 បើគិតលើចំនួនបុគ្គលិកនិងបណ្តាញការិយាល័យ មានគោលនយោបាយធនធានមនុស្សដ៏ល្អប្រសើរក្នុងការផ្តល់ជូនដល់បុគ្គលិករបស់ខ្លួន។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់ បានលើកឡើងថា ប្រាសាក់ជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលអនុលោមតាមច្បាប់ការងារបានយ៉ាងខ្ជាប់ខ្ជួន។ បុគ្គលិកទាំងអស់របស់ប្រាសាក់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ស្ថាប័ន។ ហើយបុគ្គលិកទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ប្រាក់ខែគោល ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ប្រាក់កម្ចី ឯកសណ្ឋានធ្វើការ ធានារ៉ាប់រង កន្លែងស្នាក់នៅ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជាដើម។
ជាពិសេស ប្រាសាក់បានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងរៀបចំឱ្យមានបុគ្គលិកបន្តវេនពីថ្នាក់សាខារហូតដល់ការិយាល័យកណ្តាលផងដែរ។
លោក អេង ចាន់រិទ្ធី មានតួនាទីជាមន្ត្រីឥណទានជាន់ខ្ពស់ បានមានប្រសាសន៍ថា លោកមានមោទនភាពដែលបានក្លាយជាសមាជិកគ្រួសាររបស់ប្រាសាក់ ព្រោះតាមរយៈការធ្វើការងារនៅទីនេះ លោកមានឱកាសច្រើនក្នុងការអភិវឌ្ឍទាំងផ្នែកសមត្ថភាព និងហិរញ្ញវត្ថុ ដែលលោកគិតថាប្រាសាក់គឺជានិយោជកនៃជម្រើស។
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ក៏ជាកន្លែងដែលចែករំលែកក្តីស្រឡាញ់តាមរយៈការយកចិត្តទុកដាក់ និងយកអាសារគ្នាលើគ្រប់ផ្នែក ដោយរាប់ចាប់ពីថ្នាក់បុគ្គលិក រហូតដល់ថ្នាក់គ្រប់គ្រងដែលប្រៀបបីដូចជាគ្រួសារយ៉ាងកក់ក្តៅមួយ សម្រាប់ការអភិវឌ្ឍន៍ និងរីកចម្រើនជាមួយគ្នា។