កាលពីថ្ងៃទី18 ខែតុលា ឆ្នាំ2018 ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានប្រារព្ធពិធីបុណ្យជាតិ និងរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតប្រទេសជាលើកដំបូងរបស់ប្រទេសកូរ៉េខាងត្បូង នៅសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Great Duke។
នារាត្រីនោះមានការអញ្ចីញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប ជាពិសេសវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតជាច្រើនប្រទេសទៀតផង។
ឯកឧត្តម ឯកអគ្គរដ្ឋទូត អូ ណាក់ យ៉ុង បានមានប្រសាសន៍ថា ជាកិច្ចចាប់ផ្តើម ខ្ញុំសូមស្វាគមន៍ និងសូមថ្លែងអំណរគុណជាពិសេសជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលឯកឧត្តមបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីយើងខ្ញុំក្នុងនាមជាភ្ញៀវកិត្តិយស។
ខ្ញុំមានកិត្តិយសសូមជម្រាបជូនដល់ភ្ញៀវកិត្តិយសទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលកូរ៉េបានបើកដំណើរការនូវការផ្តួចផ្តើមគំនិតការទូត “គោលនយោបាយភាគខាងត្បូងថ្មី” ដែលនឹងបង្កនូវបរិយាកាសល្អសម្រាប់ជំរុញទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ប្រទេសកូរ៉េជាមួយអាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែគ្របដណ្តប់ទៅលើផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះក៏មានវិសាលភាពគ្របដណ្តប់លើ វប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ភ្ជាប់ជាមួយនឹងពាក្យគន្លឹះ3 គឺ ប្រជាជន វិបុលភាពរួម និងសន្តិភាព។ គោលដៅនៃការផ្តួចផ្តើមគំនិតនេះស្ថិតនៅក្នុងការយល់ឃើញរបស់សហគមន៍សន្តិភាព ដែលផ្តោតសំខាន់ទៅលើប្រជាជន ខណៈដែលប្រជាជនបានរីករាយនឹងភាពចម្រុងចម្រើនទៅវិញទៅមក៕