បន្ទាប់ពីសម្លឹងឃើញពីការហក់ឡើងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ និងផលប៉ះពាល់ដល់បរិស្ថាន និងជាពិសេសបានសង្កេតឃើញថាតម្រូវការម៉ូតូអគ្គិសនីនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ផងនោះ ទើបក្រុមហ៊ុន MCLS SYNERGY Co., Ltd សម្រេចចិត្តនាំយកម៉ូតូអគ្គិសនីម៉ាក THADA ចូលមកកាន់ទីផ្សារកម្ពុជា និង បានបើកសម្ពោធម៉ូតូរបស់ក្រុមហ៊ុននេះជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ទី18 ខែតុលា នៅឯអគាររបស់ក្រុមហ៊ុន MCLS SYNERGY Co., Ltd ផ្ទះលេខ៣៣៨ មហាវិថីសហព័ន្ធ រុស្សី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ផ្ទាល់តែម្តង។
នៅក្នុងពិធីបើកសម្ពោធម៉ូតូអគ្គិសនីម៉ាក THADA ជាផ្លូវការនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមអ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីភ្ញៀវកត្តិយសជាច្រើនទៀតផងដែរ។
អ្នកស្រី Puth Thalida នាយិកាប្រតិបត្តិក្រុមហ៊ុន MCLS SYNERGY Co., Ltd មានប្រសាសន៍ថា ការនាំយកម៉ូតូអគ្កិសនីម៉ាក THADA មកកាន់ទីផ្សារប្រទេសកម្ពុជាគឺដើម្បីផ្តល់ភាពងាយស្រួលទៅដល់អតិថិជន និងជាការសន្សំសំចៃបានច្រើនពីការចំណាយដ៏ច្រើនលើសលប់ទៅលើប្រេងឥន្ធនៈរបស់ប្រជាជនកម្ពុជាយើង ជាពិសេស សិស្សនិស្សិត បងៗស្ត្រីមេផ្ទះ និងជាពិសេសវាជាជម្រើសដ៏ល្អបំផុតរបស់ប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យម។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី19 ខែតុលា ក្រុមការងាររបស់ម៉ូតូអគ្គិសនី THADA មកពីប្រទេសម៉ាឡេស៊ី និងក្រុមការងារប្រចាំនៅប្រទេសកម្ពុជាបាននាំយកអំណោយទៅចែកជូនដល់សិស្សក្រីក្រនៅព្រះវិហារ Masjid Al Alsheemនៅភូមិព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕