កាលពីព្រឹកថ្ងៃទី19 ខែតុលា លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និង ក្រុមការងារនិពន្ធរបស់លោកបានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវសៀវភៅដែលមានចំណងជើងថា “108 ចក្ខុវិស័យ គួច ម៉េងលី” នៅឯម៉ូនូមែនប៊ុក (Monument Books) ហើយគួរបញ្ជាក់ថា សៀវភៅនេះគឺជាស្នាដៃទី5របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ សៀវភៅមានកម្រាស់ 487ទំព័រ និង បោះពុម្ពផ្សាយលើកទី1 ចំនួន3000ក្បាល និងអ្វីដែលសំខាន់នោះ គឺរាល់ថវិកាដែលបានមកពីការលក់សៀវភៅនេះ នឹងបរិច្ចាគជូនមូលនិធិម៉េងលីជេ. គួច។
ខ្លឹមសារក្នុងសៀវភៅ៖ និយាយអំពីបទពិសោធជីវិតក្នុងអាជីពជាធុរជន (ជាចក្ខុវិស័យ ជាទស្សនទានស្ដីពីគំនិតយោបល់ ការយល់ឃើញ និងបទពិសោធផ្ទាល់ របស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលីក្នុងនាមជាធុរជនវិស័យអប់រំឈានមុខគេនៅកម្ពុជា)។ បង្ហាញពីចក្ខុវិស័យចម្រុះខ្លះៗនៃយុទ្ធសាស្ត្រធ្វើជំនួញប្រកបដោយនិរន្ដរភាព និង ចែករំលែកវិធីសាស្ត្រលើកទឹកចិត្តខ្លះៗដើម្បីគោលដៅជីវិតច្បាស់លាស់ មិនថាក្នុងអាជីពការងារ គ្រួសារ ស្នេហា ការសិក្សា និងសហគមន៍រស់នៅនោះទេ។
បណ្ដុះឱ្យមានភាពក្លាហាន មិនកំសាកញីមិនបាក់ស្បាត ផ្ទុយទៅវិញអត្ថន័យក្នុងសៀវភៅនៅបានណែនាំឱ្យមានការតស៊ូព្យាយាម ម្ចាស់ការ និងមិនប្រញាប់ចុះចាញ់ចំពោះបញ្ហាផងដែរ។ បណ្ដុះឱ្យមានវប្បធម៌ចែករំលែកក្នុងការចាប់យកឱកាសនៃអាជីពការងារចំពោះមុខ និងទៅអនាគតតាមចំណេះចំណង់ជំនាញ និងបទពិសោធដែលជាទេពកោសល្យរបស់មនុស្សម្នាក់។
គុណតម្លៃរបស់សៀវភៅ “108 ចក្ខុវិស័យ គួច ម៉េងលី” ជាចក្ខុវិស័យ ផ្ទាល់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដោយមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍ឬចក្ខុវិស័យរបស់ទ្រឹស្ដីណាមួយឡើយ។ ពោលជាគោលគំនិតបណ្ដុះ និងពង្រីកចក្ខុវិស័យវែងឆ្ងាយប្រកបដោយញាណទស្សនៈស្ដីពីជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនងសង្គម និងមធ្យោបាយបង្កើតគំនិត រក្សាគំនិត និងដោះស្រាយ ប្រកបដោយចីរភាព ដែលស្ដែងចេញពីគុណតម្លៃនៃបទពិសោធរបស់អ្នកនិពន្ធផ្ទាល់៕