សាលារៀនពាណិជ្ជសាស្ត្រ MARUGAME (MBS) TORIDOLL Group សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានបើកបវេសនកាលរបស់ខ្លួនហើយ នៅថ្ងៃទី16 ខែតុលាឆ្នាំ2018 ដើម្បីបង្រៀនជំនាញផ្នែកគ្រប់គ្រងភោជនីយដ្ឋានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
លោក KASUHIRO SHINOHARA អនុប្រធានមូលនិធិ CIESF ជប៉ុន បានមានប្រសាសន៍នៅក្នុងសន្និសីទព័ត៌មានថា៖ សាលារៀនពាណិជ្ជសាស្ត្រ MARUGAME ជាសាលាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលផ្តល់ការសិក្សាផ្ដោតទៅលើ «ជំនាញផ្នែកអាជីវកម្មម្ហូបអាហារ» គឺជាសាលា រៀនសូត្រអំពីមូលដ្ឋានគ្រឹះនៃអាជីវកម្មលើការគ្រប់គ្រង ហើយក្រោយបញ្ចប់ការសិក្សា សិក្ខាកាមទាំងអស់ នឹងទទួលបានឱកាសការងារតាមភោជនីយដ្ឋាននានានៅក្នុងប្រទេសនិងនៅលើពិភពលោក។
លោកបានបញ្ជាក់ថាក្នុងការវិនិយោគនេះ TORIDOLL បានកំណត់គោលដៅមួយគឺការអភិវឌ្ឍន៍ធនធាន មនុស្សប្រកបដោយសក្តានុពលនៅក្នុងពិភពលោក ហើយ TORIDOLL បានឈានជើងបង្កើតសាលាមួយនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ដែលតាមរយៈសាលារៀននេះ ក្រុមហ៊ុនបានគិតទៅលើការរួមចំណែក អភិវឌ្ឍអាជីវកម្មលើការគ្រប់គ្រងភោជនីយដ្ឋាននៅកម្ពុជា និងការអភិវឌ្ឍនៅទូទាំងតំបន់អាស៊ី។
លោក ស៊ី វណ្ណា ប្រធានផ្នែកគ្រប់គ្រងការអភិវឌ្ឍន៍ធនធានមនុស្ស បានមានប្រសាសន៍ថា៖ នេះជាឱកាសសម្រាប់សាធារណជន និងសិស្ស-និស្សិតនៅកម្ពុជា ក្នុងការទទួលបានជំនាញដើម្បីចូលធ្វើការនៅក្រុមហ៊ុន TORIDOLL ប្រចាំនៅកម្ពុជា ឬនៅសាខាក្រៅប្រទេស ពីព្រោះថាប្រទេសយើងកំពុងតែជំរុញខ្លាំង អំពីសហគ្រិន និងជាពេលវេលាសមស្រប ជាឱកាសទី1 និងជាការបើកលើកទីដំបូង ដែលអ្នកចូលរួមអាចទទួលបានបទពិសោធ និងចំណេះដឹង ជាមួយនឹងសក្តានុពល និងជាពេលវេលាសមស្របបំផុត និងជាការអបអរសាទរ ក្នុងការបើកបវេ សនកាលនេះយើងបានទទួលអ្នកចុះឈ្មោះសិក្សាចំនួន 20នាក់។
គួរបញ្ជាក់ថា MARUGAME គឺជា Brand មួយក្នុងចំណោម 20 នៃក្រុមហ៊ុនជប៉ុន TORIDOLL បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ 1985មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុនមានសាខារបស់ខ្លួនចំនួនជាង 1000ហាងនៅប្រទេសជប៉ុន និងជាង 500ហាងទៀតនៅ35ប្រទេសជុំវិញពិភពលោក។ ភោជនីយដ្ឋាន MARUGAME នឹងកំណត់គោលដៅដើម្បីក្លាយ ខ្លួនជាភោជនីយដ្ឋាននៅក្នុងចំណាត់ថ្នាក់ទាំង10នៅលើពិភពលោក ដោយពង្រីកចំនួន 6000ហាងនៅឆ្នាំ2025 ៕