លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាប្រធានមូលនិធិ ម៉េងលី ជេ. គួច ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ បាននាំយកអំណោយជាស្បៀងបរិភោគ ព្រមទាំងថវិកា ចែកជូនដល់់ប្រជាពលរដ្ឋចំនួន ២៥៦គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំគគី ដែលភាគច្រើនជាមនុស្សចាស់គ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបទឹកប្រាក់ជាង ២២,០០០ ដុល្លារអាមេរិក។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនៅសាលាបឋមសិក្សា ហ៊ុន សែន ដូនស ស្ថិតនៅក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
អំណោយដែលប្រជាពលរដ្ឋទាំង ២៥៦ គ្រួសារទទួលបាននៅថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ថវិកា ព្រមទាំងគ្រឿងបរិភោគផ្សេងៗទៀត។
ក្រៅពីគ្រឿងបរិភោគទាំងនេះ លោកឧកញ៉ាចិត្តធម៌រូបនេះ ក៏បានឧបត្ថម្ភកង់ចំនួន ៤៣គ្រឿង សរុបទឹកប្រាក់ ១, ៧០០ដុល្លារ ដល់សិស្សានុសិស្សនៅទីនេះ និងដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យពិគ្រោះយោបល់ ព្រមទាំងការព្យាបាលជំងឺផ្សេងៗ ក៏ដូចជាការចែកថ្នាំពេទ្យជូនប្រជាជនក្រីក្រពីសំណាក់ក្រុមវេជ្ជបណ្ឌិត នៃគ្លីនិកចល័ត វេជ្ជបណ្ឌិត គួច ដោយឥតគិតថ្លៃ ដើម្បីសម្រួលការលំបាក និងជីវភាពខ្វះខាតក្នុងការចំណាយលើការព្យាបាលជំងឺរបស់ពួកគេផងដែរ។
ក្នុងចំណោមអ្នកទទួលអំណោយទាំងនោះ មានលោកយាយម្នាក់អាយុ ៧២ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិ តារាបដូនស ឃុំគគីរ។ ស្ត្រីចំណាស់ដែលដើរបានពឹងលើឈើច្រត់រូបនេះ រស់នៅតែពីរនាក់បងប្អូនភ្លោះប៉ុណ្ណោះ។ លោកយាយសប្បាយចិត្តជាខ្លាំងដែលទទួលបានគ្រឿងបរិភោគពីលោកឧកញ៉ា គួច ម៉េងលី នៅថ្ងៃនេះ ខណៈដែលលោកយាយកំពុងជួបការលំបាករស់នៅរាល់ថ្ងៃពឹងលើអ្នកជិតខាងជូននំចំណី ឬអាហារ និងក្មួយផ្តល់លុយកាក់បន្តិចបន្តួច។ លោកយាយបន្តថា យ៉ាងហោចណាស់អង្ករ ៥០គីឡូក្រាម និងគ្រឿងបរិភោគទាំងនេះ អាចជួយបានពី១ខែ ទៅ ២ខែដែរ។
លោកយាយបន្តថា «បានអំណោយនេះធូរមួយកម្រិត អាមួយកម្រិតហ្នឹងវាច្រើនដែរព្រោះអីយើងវាអត់មាន ដូចខ្ញុំវាហូបបានយូរព្រោះយើងអត់មានកូនចៅ ហូបខ្លះ និងដាក់បាទលោកខ្លះ យើងធ្វើបុណ្យឧទ្ទិសកុសលដល់ម្ចាស់ទាន»។
លោក គឹម គង់ណារី សមាជិកក្រុមប្រឹក្សាឃុំគគីរ បានឱ្យដឹងថាអំណោយដែលលោកឧកញ៉ា បានចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ គឺចែកចំពេលតែម្តង ចំពេលដែលប្រជាពលរដ្ឋកំពុងជួបការលំបាកខ្លាំង ព្រោះជារដូវទឹកឡើង។ លោកបន្តថា អំណោយជាគ្រឿងបរិភោគទាំងអស់នេះ ទោះមិនអាចជួយបានច្រើនខែ ប៉ុន្តែជួយដោះទាល់ និងសម្រាលជីវភាពប្រជាជនបានមួយរយៈ ខណៈរដូវទឹកឡើងនេះប្រជាជនមានការខ្វះខាតខ្លាំង ពិបាករកស៊ីប្រកបរកចិញ្ចឹមជីវិតមានគ្រួសារខ្លះរកបានព្រឹកខ្វះល្ងាច។
លោកបន្ថែមថា ជាច្រើនលើកមកហើយ ដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានជួយប្រជាពលរដ្ឋនៅតំបន់នេះ ដូចជានាំយកអំណោយ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ មកចែកជូន ប្រជាពលរដ្ឋ ទិញកង់ឧបត្ថម្ភដល់សិស្សសាលា ហើយជាពិសេសនោះលោកបានសហការជាមួយអាជ្ញាធរធ្វើផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរ។ លោកសូមថ្លែងអំណរគុណដល់លោកឧកញ៉ា ដែលតែងគិតគូរដល់ប្រជាពលរដ្ឋនៅតំបន់នេះ។
សូមជម្រាបថា មូលនិធិ ម៉េងលី ជេ. គួច ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល១១លើក រួចមកហើយ។ ដោយឡែកនៅតំបន់កៀនស្វាយនេះ បានចំនួន ៣លើក៕