ស្របពេលដែលវិស័យសំណង់កើនឡើងខ្លាំងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា តម្រូវការសម្ភារប្រើប្រាស់ក្នុងផ្ទះ ដូចជាគ្រឿងសង្ហារិម ពូកខ្នើយទំនើបៗ ក៏កើនឡើងខ្លាំងដែរ។
លោក ឡេង រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុន Inthanou ដែលមានទីតាំងផ្ទះលេខ 420-422 ផ្លូវលេខ 310 សង្កាត់បឹងកេងកង III ខណ្ឌចំការមន រាជធានីភ្នំពេញ បានមានប្រសាសន៍ដោយទទួលស្គាល់ថា តម្រូវការប្រើប្រាស់សម្ភារទំនើបៗនៅក្នុងគេហដ្ឋានពិតជាមានការកើនឡើងប្រាកដមែន ដោយសារតែវិស័យសំណង់ អគារខុនដូ និងផ្ទះល្វែងមានសម្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុង និងជាយៗរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាសៀមរាប កំពង់សោម បាត់ដំបង និងកំពង់ចាមជាដើម។
លោកបានឱ្យដឹងថា «ដើមឡើយមានមិត្តភក្តិប្រាប់ថា ពូកគេងពិបាកលក់ណាស់ ព្រោះអ្នកទិញ គេទិញទៅមួយៗប្រើបានយូរឆ្នាំណាស់ ប៉ុន្តែដល់គិតយូរៗទៅ ខ្ញុំសម្លឹងឃើញថា ក្រុងភ្នំពេញមានអគាររីកដុះឡើងច្រើនដូចផ្សិត មានទាំងអគារខុនដូ អាផាតមិន និងផ្ទះល្វែងជាដើម ដូច្នេះគ្រប់គេហដ្ឋានទាំងអស់ គឺសុទ្ធតែត្រូវការប្រើពូកសម្រាប់គេងជាចាំបាច់ ទើបក្រុមហ៊ុនសម្រេចនាំចូលមក»។
ដោយសារសក្តានុពលនៃវិស័យសំណង់នេះ លោកក៏បានសម្រេចចិត្តនាំសម្ភារប្រើប្រាស់ក្នុងផ្ទះដែលមានដូចជាពូក ខ្នើយ កន្សែង និងសម្ភារផ្សេងៗ ដែលមានគុណភាពស្តង់ដារជាច្រើនមកពីសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាពស្តង់ដារខ្ពស់ ដូចនៅលើទីផ្សារសហរដ្ឋអាមេរិកដែរ។
លោកបញ្ជាក់បន្ថែមថា Inthanou គឺជាសាខារបស់ក្រុមហ៊ុនផលិតពូកខ្នើយ និងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗ ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយ ហើយដោយឈរលើគុណភាព ក្រុមហ៊ុនបានពង្រីកសាខាមកកាន់តំបន់អាស៊ី ដែលមាននៅ សិង្ហបុរី តៃវ៉ាន់ វៀតណាម ឡាវ ថៃ និងទើបបើកសាខាក្រុមហ៊ុនថ្មីនៅកម្ពុជាយើងបានតែជាង 4ខែប៉ុណ្ណោះ ហើយបច្ចុប្បន្ន ទោះជាទើបបើកថ្មីមែន តែក្រុមហ៊ុនទទួលបានការកុម្ម៉ង់ទិញកាន់តែច្រើនឡើងៗ។
លោកបញ្ជាក់ថា «ត្រឹមតែមួយខែយើងលក់បានប្រហែលពី 40ទៅ50ពូក តែមានម៉ូយកុម្ម៉ង់ច្រើនៗ សម្រាប់ផ្គត់ផ្គង់នៅតាមខុនដូ និងសណ្ឋាគារនៅតាមតំបន់ទេសចរណ៍មួយចំនួន ដូចជាកំពង់សោម និងសៀមរាបជាដើម ហើយអតិថិជនមានទាំងខ្មែរ និងបរទេស ដោយសារបរទេសគេស្គាល់ម៉ាក American Star របស់ក្រុមហ៊ុន Inthanou នេះស្រាប់»។
លោកនិយាយថា កត្តាដែលធ្វើឱ្យលោកសម្រេចចិត្តនាំយកផលិតផលពីសាខាក្រុមហ៊ុន (Franchise) ពីសហរដ្ឋអាមេរិកមកលក់នៅលើទីផ្សារកម្ពុជានេះ ដោយសារសង្កេតឃើញថា នៅលើទីផ្សារកម្ពុជាហាក់ពុំសូវមានក្រុមហ៊ុនណាផ្តល់ទំនុកចិត្តខ្ពស់នៅឡើយទេ ដែលធ្វើឱ្យអតិថិជនជួបការលំបាកក្នុងការរកពូកគេងដែលមានគុណភាពល្អ ហើយសម្រាប់ពូកនៅក្នុងក្រុមហ៊ុននេះ យ៉ាងតិចបំផុតគឺផ្តល់ការធានាជូនរយៈពេល 10ឆ្នាំ បើសិនជាមានបញ្ហា ក្រុមហ៊ុននឹងដូរជូនថ្មីតែម្តង មិនមែនជួសជុលជូននោះទេ។ ដោយសារមានការគាំទ្រច្រើន ក្រុមហ៊ុនបានចាប់ផ្តើមពង្រីកសាខាបណ្តើរៗហើយ នៅក្រុងភ្នំពេញមានដូចជាសាខាបឹងសាឡាង សាខាផ្លូវជាតិលេខ1 សាខាផ្សារអ៊ីអន2 សាខាខេត្តសៀមរាប កំពង់សោម និងកំពង់ចាមជាដើម ដែលសុទ្ធតែជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍៕