សាកលវិទ្យាល័យបៀលប្រាយ និងក្រុមហ៊ុនអាស៊ីវេរលុយ បានចុះអនុស្សរណៈនៃការយោគយល់គ្នាផ្តល់អាហារូបករណ៍ និងឱកាសការងារដល់និស្សិត200នាក់សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ។
លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ បានលើកឡើងថាសាកលវិទ្យាល័យបានសហការជាមួយស្ថាប័នឯកជន រួមទាំងដៃគូនានាដើម្បីជំរុញឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ការសិក្សារបស់និស្សិត និងធ្វើយ៉ាងណាឱ្យពួកគេកាន់តែមានលទ្ធភាពដើម្បីសិក្សាបន្ត។ ដោយសារតែសាកលវិទ្យាល័យបៀលប្រាយ ជាសមាជិកនៃសាកលវិទ្យាល័យអន្តរជាតិ ហេតុនេះសាកលវិទ្យាល័យបានបង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយនឹងដៃគូនានាដើម្បី ជំរុញឱ្យមានផ្លាស់ប្តូរការសិក្សា និងឱកាសជាច្រើនសម្រាប់និស្សិតកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ សាកលវិទ្យាល័យបានសហការជាមួយនឹងក្រុមហ៊ុន អាស៊ី វេរលុយ ផ្តល់អាហារូបករណ៍សម្រាប់សិស្ស និស្សិតរយៈពេល 4ឆ្នាំពេញសម្រាប់ថ្នាក់បរិញ្ញាបត្រ ដើម្បីឱ្យគាត់ឱកាសដើម្បីបន្តការសិក្សាឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួន។
លោក ឌៀប សីហា បានមានប្រសាសន៍ថា៖ «អាហារូបករណ៍នេះគឺផ្តល់ឱកាសសម្រាប់សិស្សទាំងអស់គ្នាដែលត្រៀមចូលឆ្នាំទី1 សម្រាប់ប្រឡងដើម្បីទទួលបានការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ហើយចំពោះការជ្រើសរើសយើងមានគណៈកម្មការត្រួតពិនិត្យច្បាស់លាស់ ដើម្បីធានាថាអ្នកមានសមត្ថភាពពិតប្រាកដនឹងទទួលបានឱកាសយ៉ាងសំខាន់នេះ»។
លោក ឈ គង់ផេង អគ្គនាយកក្រុមហ៊ុនអាស៊ីវេរលុយ បានលើកឡើងថា ក្រុមហ៊ុនរបស់លោកសម្រេចចាប់ដៃគូជាមួយនឹងសាកលវិទ្យាល័យបៀលប្រាយ ដោយសារតែមើលឃើញសាកលវិទ្យាល័យនេះមានគុណភាពល្អ ហើយការបណ្តុះបណ្តាលធនធានមនុស្សគឺមានគុណភាព ដែលអាចឆ្លើយតបបានជាមួយនឹងតម្រូវការការងារ។ នេះជាលើកទី1ហើយ ដែលក្រុមហ៊ុនរបស់លោកបង្កើតកម្មវិធីដើម្បីផ្តល់អាហារូបករណ៍ និងឱកាសការងារបែបនេះ។ លោកថានិស្សិតទាំងអស់ដែលប្រឡងជាប់អាហារូបករណ៍នេះនឹងទទួលបានឱកាសធ្វើការងារនៅក្រុមហ៊ុនអាស៊ីវេរលុយ ដើម្បីទទួលបានទាំងបទពិសោធន៍ការងារ និងឱកាសសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ៕