មជ្ឈមណ្ឌល Global Art ដែលជាស្ថាប័នបណ្តុះបណ្តាលកុមារលើសិល្បៈគំនូរ និងការច្នៃប្រឌិត បានបើកការប្រកួតគំនូរថ្នាក់ជាតិ “2018 National Art Competition” ដើម្បីផ្តល់ឱកាសឱ្យកុមារកម្ពុជាទទួលបានឱកាសក្នុងការប្រកួតប្រជែង និងសម្រេចក្តីស្រមៃរបស់ខ្លួនតាមរយៈការបញ្ចេញស្នាដៃជាសាធារណៈ។
កម្មវិធីប្រកួតគំនូរដ៏ធំនេះធ្វើឡើងនៅផ្សារទំនើប AEON Mall សែនសុខ នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ 2018 ដោយក្នុងនោះមានបេក្ខជនចូលរួមចំនួន 255នាក់មកពីមជ្ឈមណ្ឌល Global Art និងសាលាឯកជនល្បីៗនៅកម្ពុជា។ អ្នកចូលរួមប្រមាណ 90% ជាសិស្សមកពីមជ្ឈមណ្ឌល Global Art និង10% ផ្សេងទៀតមកពីសាលា SCIA, FIS និង UCMAS។
ក្រោយការប្រកួតយ៉ាងស្វាហាប់អស់រយៈពេលជាច្រើនម៉ោង និងកាត់សេចក្តីយ៉ាងហ្មត់ចត់ពីគណៈកម្មការដាក់ពិន្ទុប្រកបដោយវិជ្ជាជីវៈ និងជំនាញខ្ពស់ បានរកឃើញថា អ្នកដែលទទួលបានជយលាភីលេខ1 ប្រចាំឆ្នាំនៅក្រុម A បានទៅលើកុមារី Sang Sokunnika មកពីមជ្ឈមណ្ឌល Global Art Pasture ចំណែកឯជយលាភីលេខ1 នៃក្រុម B បានទៅលើកុមារី Lay PichMoniRachana មកពីមជ្ឈមណ្ឌល Global Art TK2 និងបេក្ខជនដែលជាប់ជយលាភីលេខ1 ក្នុងក្រុម C បានទៅលើកុមារា Buonhing Sojestta មកពី Global Art Bokor។
បេក្ខជនដែលទទួលបានជយលាភីទាំង 3រូបនឹងទទួលបានពានរង្វាន់ចំនួនមួយ ការឧបត្ថម្ភក្នុងដំណើរទៅប្រឡងគំនូរអន្តរជាតិនៅប្រទេសមីយ៉ាន់ម៉ា ក្រោមការឧបត្ថម្ភទាំងស្រុងពីធនាគារ ABA អាហារូបករណ៍រយៈពេល 6ខែ រួមទាំងរង្វាន់ជាច្រើនទៀតពី Global Art។ ជយលាភីទាំង 3រូប នឹងត្រូវបន្តការប្រកួតជាអន្តរជាតិជាមួយនឹងកុមារជាច្រើនផ្សេងទៀតលើពិភពលោក។
គួរបញ្ជាក់ផងដែរថា Global Art មិនត្រឹមតែជាស្ថាប័នបណ្តុះបណ្តាលលើផ្នែកគំនូរប៉ុណ្ណោះទេ តែជាស្ថាប័នបណ្តុះបណ្តាលកុមារឱ្យមានភាពច្នៃប្រឌិត តាមរយៈការអភិវឌ្ឍសមត្ថភាពដោយគ្រូជំនាញល្បីៗ ហើយផ្តល់ឱកាសឱ្យកុមារអាចបកស្រាយក្តីស្រមៃ និងភាពច្នៃប្រឌិតរបស់ខ្លួនលើផ្ទាំងគំនូរ។ ជំនាញនៃការច្នៃប្រឌិតនេះ ជាជំនាញដែលកំពុងមានតម្រូវការខ្ពស់បំផុតសម្រាប់ពិភពលោកក្នុងសតវត្សរ៍នេះ ហើយការបណ្តុះបណ្តាលកុមារកម្ពុជាឱ្យក្លាយជាអ្នកមានគំនិតច្នៃប្រឌិតខ្ពស់ មានន័យថា កំពុងជំរុញអនាគតនៃការអភិវឌ្ឍសម្រាប់សង្គម៕