កាលពីថ្ងៃអង្គារ ទី4 ខែកញ្ញា ឆ្នាំ2018 ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាមានក្តីសោមនស្សរីករាយក្នុងការប្រគល់រថយន្តប្រណីតម៉ាក Jaguar XJL ចំនួន 2គ្រឿង និងរថយន្តម៉ាក Jaguar F-PACE ចំនួន 1គ្រឿងជូនសណ្ឋាគារលំដាប់ផ្កាយ5 Rosewood Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់សណ្ឋាគារ លោកឧកញ៉ា សំអាង (វឌ្ឍនៈ) និងនាយកគ្រប់គ្រងសណ្ឋាគារលោក Michael James Parker។
ជាថ្ងៃមួយដ៏ពិសេសដែល Rosewood Phnom Penh ជាសណ្ឋាគារដ៏មានកិត្យានុភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបញ្ជាទិញរថយន្ដប្រណីតម៉ាក Jaguar XJL និងJaguar F-PACE។ Jaguar ជាប្រភេទរថយន្តដែលមានការបូកបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបច្ចេកវិទ្យាឈានមុខគេដ៏មានសក្តានុពល និងស័ក្តិសមជាមួយនឹងគោលការណ៍ “បដិសណ្ឋារកិច្ចជានិរន្តរ៍‟របស់សណ្ឋាគារ Rosewood Hotels & Resorts®។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Jaguar Land Rover និង Rosewood Phnom Penh បានរួមបញ្ចូលគ្នានូវប្រណីតភាពដ៏ទាន់សម័យជាមួយសេវាកម្មផ្ទាល់ខ្លួន ជាពិសេសក្នុងការរួមគ្នាថែរក្សានូវសម្បត្តិបេតិកភណ្ឌក្នុងតំបន់ដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងបរិយាកាស និងបែបបទពិសេសប្លែកពីគេដែលក្រុមហ៊ុនទាំង2 បានបង្ហាញពីគុណតម្លៃរបស់អតិថិជន និងបុគ្គលិក។
លោក Ulf Sebecke នាយកគ្រប់គ្រងក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា អ្វីដែលកាន់តែពិសេស និងសំខាន់មួយផ្សេងទៀតដែលបានធ្វើឱ្យសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Rosewood Phnom Penh សម្រេចចិត្តបញ្ជាទិញរថយន្តដ៏ប្រណីតនេះ សណ្ឋាគារក៏ទទួលបាននូវកញ្ចប់សេវាកម្ម “សន្តិភាពផ្លូវចិត្ត‟ របស់ក្រុមហ៊ុន Jaguar Land Rover ដែលមានរយៈពេល 5 ឆ្នាំ និងសេវាកម្មជួសជុលនិងថែទាំចល័ត 24ម៉ោងលើ24ម៉ោងក្នុងមួយសប្តាហ៍៕