ដើម្បីចែករំលែកបទពិសោធ និងចំណេះដឹងផ្នែកការគ្រប់គ្រងអាជីវកម្មម្ហូបអាហារ សាលារៀនពាណិជ្ជសាស្ត្រ MARUGAME នឹងបើកបង្រៀនជំនាញផ្នែកគ្រប់គ្រងភោជនីយដ្ឋានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជានៅពេលឆាប់ខាងមុខនេះដោយសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោក YOSHITO HIGASHIYAMA អគ្គនាយកក្រុមហ៊ុន TORIDOLLជប៉ុនបានមានប្រសាសន៍នៅក្នុងសន្និសីទព័ត៌មានកាលពីព្រឹកថ្ងៃទី14 ខែកញ្ញានេះថា សាលារៀនពាណិជ្ជសាស្ត្រ MARUGAME ជាសាលាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលផ្តល់ការសិក្សាផ្ដោតទៅលើជំនាញអាជីវកម្មម្ហូបអាហារ និងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្មទៅដល់សាធារណជន ពិសេសសិស្ស និងស្សិតនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា នេះជាឱកាសសម្រាប់សាធារណជន និងសិស្ស-និស្សិតនៅកម្ពុជាក្នុងការទទួលបានជំនាញដើម្បីចូលធ្វើការនៅក្រុមហ៊ុន TORIDOLL ប្រចាំនៅកម្ពុជា ឬនៅសាខាក្រៅប្រទេស និងអាចធ្វើការនៅភោជនីយដ្ឋានល្បីៗផ្សេងទៀត ឬគ្រប់គ្រងភោជនីយដ្ឋានខ្លួនឯងក៏បាន។
គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន TORIDOLL បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ1985មក ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុនមានសាខារបស់ខ្លួនចំនួនជាង 1000ហាងនៅប្រទេសជប៉ុន និងជាង 500ហាងទៀតនៅជុំវិញពិភពលោក។ ភោជនីយដ្ឋាន MARUGAME ជាភោជនីយដ្ឋានជាប់លំដាប់ថ្នាក់លេខ 1ទូទាំងពិភពលោកផ្នែកមី អ៊ុដុង ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2015មក៕