ក្រោយពីបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជននៅប្រទេសកម្ពុជាក្នុងការទស្សនាខ្សែភាពយន្ដថៃ ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ បានរៀបចំកម្មវិធីសិក្ខារសាលា និងការចាប់ដៃគូពាណិជ្ជកម្ម ស្តីពីការផលិតខ្សែភាពយន្តនៅសាលប្រជុំ AEON Hall និងរោងកុន Major Cineplex ស្ថិតនៅផ្សារទំនើប AEON សែនសុខ កាលពីថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018កន្លងទៅថ្មីៗនេះ។
លោក ជីរ៉ាវុឍ សុណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា “កម្មវិធីមហោស្រពភាពយន្តថៃលើកទី3 ឆ្នាំ2018នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកផលិតខ្សែភាពយន្ត និងបណ្តាក្រុមហ៊ុងដែលពាក់ព័ន្ធជាមួយវិស័យឧស្សាហកម្មភាពយន្តរបស់ប្រទេសកម្ពុជា និងថៃ។ នៅថ្ងៃនេះផងដែរ ក៏មានកម្មវិធីសិក្ខាសាលា និងការចាប់ដៃគូពាណិជ្ជកម្ម ដែលជាវេទិការដ៏សំខានក្នុងការចែករំលែកបទពិសោធន៍ស្តីអំពីបច្ចេកទេសនៃការថត និងកាត់តភាពយន្តពីអ្នកជំនាញដូចជា អ្នកផលិតភាពយន្ត អ្នកដឹកនាំសម្តែង និងអ្នកដែលមានបទពិសោធក្នុងវិស័យភាពយន្តមកពីប្រទេសទាំង2”។
ក្នុងកម្មវិធីសិក្ខារសាលានេះ ក៏មានវត្តមានវាគ្មិន2រូបមកពីប្រទេសថៃ ដែលពួកគាត់មានបទពិសោធជាច្រើនក្នុងការផលិតខ្សែភាពយន្ត មកធ្វើបទបង្ហាញស្ដីអំពី Short Film និង Special Effects ទៅកាន់សិស្សនិសិត្សមកពីសកលវិទ្យាល័យមួយចំនួនដែលមានដូចជា និស្សិតមកពី PSE សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសមាគមផលិតខ្សែភាពយន្ត ដើម្បីបង្ហាញពីបច្ចេកទេសផលិតខ្សែភាពយន្តដោយឥតគិតថ្លៃផងដែរ។ លើសពីនេះទៅទៀតក៏មានកម្មវិធី ចាប់ដៃគូពាណិជ្ជកម្មផ្នែកវិស័យភាពយន្ត ដែលមានការចូលរួមពីផលិតករ អ្នកដឹកនាំសម្តែង ម្ចាស់អាជីវកម្ម ដើម្បីចែករំលែកបទពិសោធ បច្ចេកទេស និងសហការចាប់ដៃគូពាណិជ្ជកម្មក្នុងការផលិតខ្សែភាពយន្ត ឬស្ពតពាណិជ្ជកម្មផ្សេងៗឱ្យមានគុណភាព។
នៅក្នុងថ្ងៃបើកសម្ពោធកម្មវិធីមហោស្រពភាពយន្តថៃលើកទី3 នេះ ក៏មានវត្តមានគណៈធិបតី ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងសិល្បករ សិល្បការិនីខ្មែរ និងថៃជាច្រើនរូបចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
លោក ជីរ៉ាវុឍ សុណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ខ្សែភាពយន្តថៃចំនួន4រឿងដែលនឹងយកមកចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃនៅក្នុងរោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារទំនើប AEON សែនសុខ ដែលអាចផ្ទុកទស្សនិជនបានចំនួន266នាក់ក្នុងមួយលើក។
រឿងទី1 ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 នៅម៉ោង7ល្ងាច មានចំណងជើងថា “Memories of New Year” (អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ) ដែលរឿងនេះបានសម្តែងរួមគ្នាដោយតារាសម្តែងមកពីប្រទេសចំនួន4 ដូចជាប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ រឿងទី2 រឿង“Premika Parab” (ខារ៉ាអូខេមរណៈ) ចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2018 ម៉ោង7ល្ងាច។ រឿងទី3 រឿង“Siam Square” (ខ្មោចស្រីចាំអគារ) ចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018 ម៉ោង12 ថ្ងៃត្រង់។ និងរឿងទី4 រឿង “Som Pak Sian (E-Sarn Love Story)” (រដឺនខកស្នេហ៍) ចាក់បញ្ចាំងជូនទស្សនា នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018 ម៉ោង12ថ្ងៃត្រង់៕