ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា (Star Auto Cambodia) កំពុងរៀបចំកម្មវិធីចាប់រង្វាន់ពិសេសសម្រាប់អតិថិជន ក៏ដូចជាសាធារណជន គឺដំណើរកម្សាន្តសម្រាប់មនុស្ស 2នាក់ទៅទីក្រុងបាងកក។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី1 ខែកញ្ញា ដល់ថ្ងៃទី5 ខែតុលា ឆ្នាំ2018។
បើតាមលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តដ៏រីករាយនេះអតិថិជនគ្រាន់តែអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Mercedes-Benz ដែលស្ថិតនៅតាមបណ្តោយផ្លូវ 60ម៉ែត្រ ចាប់ពីថ្ងៃទី1 ខែកញ្ញា រហូតដល់ថ្ងៃទី5 ខែតុលា ឆ្នាំ2018 ហើយជាវវត្ថុអនុស្សាវរីយ៍ ឬទៅទទួលយកសេវាកម្មណាមួយពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដោយចំណាយត្រឹម 1ដុល្លារឡើងទៅប៉ុណ្ណោះ លោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹកសម្រាប់ផ្សងសំណាង។
លោក ឃុន ចាន់ថា បានបញ្ជាក់ទៀតថា៖ «ទោះគាត់ទិញអស់ 1,000រៀល ក៏គាត់បានឆ្នោតមួយសន្លឹកសម្រាប់ផ្សងសំណាងដែរ ទិញឡានក៏បានឆ្នោតផ្សងសំណាងដែរ។ ទិញអ្វីក៏ដោយហើយអស់ទឹកប្រាក់ប៉ុន្មានក៏បានដែរ។ មកទិញម្តងបានសន្លឹកឆ្នោតមួយសន្លឹក។ ថ្ងៃក្រោយគាត់មកទិញទៀតបានមួយសន្លឹកទៀត»។
សូមបញ្ជាក់ថា រង្វាន់ដំណើរកម្សាន្តទៅទីក្រុងបាងកក ប្រទេសថៃដែលនឹងផ្តល់ជូនដោយក្រុមហ៊ុន Star Auto Cambodia នេះ រួមមានសំបុត្រយន្តហោះទៅមក(ភ្នំពេញ-បាងកក-ភ្នំពេញ) សម្រាប់មនុស្ស 2នាក់រួមនឹងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ5 ចំនួន 2យប់។ លើសពីនេះ Star Auto Cambodia ដែលជាក្រុមហ៊ុនតែមួយគត់ទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយរថយន្ត Mercedes ប្រចាំប្រទេសកម្ពុជានឹងផ្តល់សាច់ប្រាក់សុទ្ធចំនួន 1,000ដុល្លារបន្ថែមទៀតសម្រាប់ការចំណាយលើការធ្វើដំណើរ និងការដើរទិញអីវ៉ាន់ផ្សេង។
សូមជម្រាបផងដែរថា រង្វាន់ដំណើរកម្សាន្ដនេះមានសុពលភាពត្រឹមដំណាច់ឆ្នាំ2018នេះប៉ុណ្ណោះមិនអាចបន្តទៅឆ្នាំបន្ទាប់បានឡើយ ហើយតម្លៃសំបុត្រយន្តហោះ និងសណ្ឋាគារមិនអាចប្តូរជាសាច់ប្រាក់បានទេ។ ប៉ុន្តែអ្នកឈ្នះរង្វាន់នៅតែអាចទទួលសាច់ប្រាក់ចំនួន 1,000ដុល្លារដដែល៕