ភ្នំពេញ៖ នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2018នេះ ធនាគារ ស្ថាបនា ប្រកាសបើកដំណើរការប្រើប្រាស់ជាផ្លូវការសេវា Sathapana Mobile App របស់ខ្លួនជាផ្លូវការ ដែលជាកម្មវិធីធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃ។ Sathapana Mobile App គឺជាផ្នែកមួយនៃការរីកចម្រើនលើប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ស្ថាបនា។
ឥឡូវនេះ លោកអ្នកអាចទាញយកកម្មវិធី Sathapana Mobile App ពី App Store និង Google Play ដើម្បីទទួលបានការធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងភាពងាយស្រួល ព្រមទាំងមានមុខងារជាច្រើនមានដូចជា ពិនិត្យមើលសមតុល្យគណនី ធ្វើប្រតិបត្តិការផ្សេងៗ បើកគណនីប្រាក់បញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ ទូទាត់វិកយបត្រ បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ និងមានមុខងារពិសេសៗជាច្រើនទៀតដែលលោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅលើពិភពលោក។
លោក Norihiko KATO ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “យើងមានមោទនភាពក្នុងការប្រកាសបើកដំណើរការប្រើប្រាស់កម្មវិធីសម្រាប់ធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃនេះ ដែលនឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ថ្មី ប្រកបដោយសុវត្ថិភាពខ្ពស់ និងទទួលបានការប្រើប្រាស់សេវាធនាគារដែលមានគុណតម្លៃ និងភាពរីករាយបន្ថែមទៀត។”
លោក Norihiko KATO បានមានប្រសាសន៍បន្ថែមទៀតថា “Sathapana Mobile App គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ធនាគារនៅឆ្នាំនេះដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងដើម្បីបំពេញនូវតម្រូវការហិរញ្ញវត្ថុទំនើបរបស់អតិថិជន។ Sathapana Mobile App ក៏នឹងជួយជម្រុញបន្ថែមទៀតដល់ការរីកចម្រើននៃការធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃនៅកម្ពុជាផងដែរ។”
លក្ខណៈពិសេសៗរបស់ Sathapana Mobile App រួមមាន៖
- ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការគណនី – របាយការណ៍សង្ខេបអំពីគណនី ពិនិត្យនិងទាញយកប្រតិបត្តិការក្នុងកំឡុងពេល ១៨០ ថ្ងៃចុងក្រោយពីគណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។
- បើកគណនីមានកាលកំណត់ – បង្កើត និងគ្រប់គ្រងគណនីមានកាលកំណត់។
- ផ្ទេរប្រាក់ – ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុកនិងក្រៅស្រុក ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ទៅគណនីផ្សេងទៀត ឬ ផ្ទេរប្រាក់ទៅគណនីក្នុងសមាជិក Fast ផ្ទេរប្រាក់ទៅកាន់ដៃគូរ ផ្តល់សេវាកម្មទូទាត់ (PSP)។
- ធ្វើប្រតិបត្តិការលើប័ណ្ណឥណទាន – ពិនិត្យមើលសមតុល្យ និងប្រតិបតិ្តការប័ណ្ណឥណទាន ទូទាត់វិក្កយបត្រប័ណ្ណឥណទាន ឬ បង្ខាំងប័ណ្ណរបស់លោកអ្នក។
- ការទូទាត់វិក្កយបត្រ – ការទូទាត់វិក្កយបត្រទៅក្រុមហ៊ុនដែលជាដៃគូរសហការណ៍។
- បញ្ចូលកាតទូរស័ព្ទ – បញ្ចូលទឹកប្រាក់ភ្លាមៗទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក។
- ប្រើស្នាមម្រាមដៃសម្រាប់ចូលប្រើប្រាស់ – ប្រើស្នាមម្រាមដៃដើម្បីចូលប្រើប្រាស់ Sathapana Mobile នៅលើកម្មវីធី iOS ឬ Android បានយ៉ាងឆាប់រហ័ស៕