នៅរសៀលថ្ងៃទី 30 ខែសីហា ឆ្នាំ 2018 ម្សិលមិញនេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» និង អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី «ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងនេះ គឺជាកិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ជូនសប្បុរសធម៌ ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានូវជម្រើសបន្ថែម ដែលមានលក្ខណៈកាន់តែងាយស្រួលតាមរយៈសេវាកម្មរបស់ធនាគារឯកទេសវីងនៅតាមគ្រប់ភ្នាក់ងារទាំងអស់ទូទាំងប្រទេសដោយមិនគិតថ្លៃសេវា។ បន្ថែមលើនេះ ធនាគារឯកទេសវីង ក៏នឹងបន្ដសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ។
កម្មវិធីនេះសបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀតក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជា ដែលជាទំពាំស្នងឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី11 ខែមេសា ឆ្នាំ2018 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជារាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរគឺជាស្ថាបនិក និងជាប្រធានកិត្តិយសរបស់មូលនិធិផ្ទាល់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលរបស់ Royal Group ចំពោះទឹកចិត្តសប្បុរសដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងថែមទាំងបាជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេសតាមរយៈធនាគារឯកទេសវីង ដែលបានសម្រួលដល់ការផ្ដល់វិភាគទានដោយមិនគិតថ្លៃសេវា។ កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងតែចូលរួមចំណែកជួយដល់កុមារកម្ពុជារាប់លាននាក់។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងឱ្យដឹងផងដែរថា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយថ្មីទៀត សម្រាប់ធនាគារឯកទេសវីង ដែលបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាដើម្បីជួយកសាងអនាគតកុមារកម្ពុជារាប់លាននាក់ឱ្យកាន់តែល្អប្រសើរ ក៏ដូជាបង្កើតឱ្យមានភាពងាយស្រួលដល់អ្នកបរិច្ចាគ។
ជាចុងក្រោយអ្នកឧកញ៉ា បានបញ្ជាក់ថា អ្នកដែលមានបំណងចង់ធ្វើការបរិច្ចាគអាចទៅកាន់ភ្នាក់ងារវីងមួយណាក៏បាន ដែលមានជាង 5500 ទីតាំង ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា ត្រូវការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផា ដែលមានលេខកូដ 5559 ជាប្រាក់រៀល និង 5558 ជាប្រាក់ដុល្លារ។ តែប្រសិនបើអ្នកមានគណនីវីង អ្នកអាចចូលទៅកាន់ Wing App ដែលមាននៅលើទូរស័ព្ទដៃ រួចចុច Bill Payment និងស្វែងរកឈ្មោះមូលនិធិគន្ធបុប្ផា។
គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ក្នុងគោលបំណងដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសម្បុរសធម៌ពីគ្រប់ប្រភេទស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាជីវភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារនឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាពនិងដោយមិនគិតថ្លៃ៕