ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ បានសហការជាមួយទូរទស្សន៍ CNC MYTV និងCTN រួមជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតប្រដាល់គុនខ្មែរមួយ នៅរាល់រសៀលថ្ងៃសៅរ៍ រៀងរាល់សប្ដាហ៍ ចាប់ពីម៉ោង2 ដល់ម៉ោង4និង30នាទី។
ក្នុងសន្និសីទកាសែតនាថ្ងៃទី29សីហា 2018បានឲ្យដឹងថា កម្មវិធីប្រដាល់ដែលចាប់ផ្តើមពីថ្ងៃទី1ខែកញ្ញាខាងមុខនេះតទៅ គឺប្រសិទ្ធនាមថា “ប្រដាល់អន្តរជាតិខារ៉ាបាវដណ្តើមប្រាក់លាន “ ដែលជាការប្រកួតលក្ខណះមិត្តភាពអន្តរជាតិ ដែលមានពីរគូក្នុងមួយកម្មវិធី ។
លោក គង់ ចំរើនរដ្ឋា ប្រធានផ្នែកលក់ក្រុមហ៊ុនCBS បានអោយដឹងថា នេះជាកម្មវិធីថ្មីដែល CBS (CNC MYTVនិងCTN )និង CARABAO បានសហការគ្នា ដើម្បីបង្កើតកម្មវិធីប្រដាល់ថ្មីនេះឡើង ។ លោកបន្តថា កម្មវីធីប្រដាល់ ” អន្តរជាតិខារ៉ាបាវដណ្តើមប្រាក់លាន “ ប្រសិនបើការប្រកួតនេះដំណើរការទៅបានល្អ នោះនឹងដំណើរការជាប់រហូត ។
លោក ហ៊ុយ សុខា ប្រធានទីផ្សារផ្នែកលក់ក្រុមហ៊ុនខារ៉ាបាវ បានបញ្ជាក់អោយដឹងដែរថា ការដែលក្រុមហ៊ុនលោកមករួមសហការជាមួយCBS បើកកម្មវិធីប្រដាល់អន្តរជាតិខារ៉ាបាវដណ្តើមប្រាក់លាន គឺក្នុងគោលបំណងតែមួយគត់ គឺរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់នៅកម្ពុជា អោយមានការរីកចំរើនកាន់តែខ្លាំងថែមទៀត ។ ជាមួយនេះ ក៏ដើម្បីជួយលើកកម្ពស់ជីវភាពកីឡាករប្រដាល់តាមរយះការបានឡើងប្រកួត ហើយក៏រួមចំណែកជួយដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធផងដែរ ។ហើយបើកម្មវិធីនេះដំណើរការទៅល្អនោះ ក្រុមហ៊ុននឹងបង្កើតអោយទៅជាការប្រកួតដណ្តើមខ្សែក្រវាត់ថែមទៀត ។
លោកឧត្តមសេនីយ៍តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសំណូមពរដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ត្រូវតែខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព ត្រូវមានភាពសុចរឹតក្នុងការងារ ព្រោះនេះជាជាការងារមួយដែលទាំងអស់គ្នា សុទ្ធតែបានទទូលផលប្រយោជន៍។
កម្មវិធីប្រដាល់ថា “ប្រដាល់អន្តរជាតិខារ៉ាបាវដណ្តើមប្រាក់លាន “ ដែលចាប់ផ្តើមពីថ្ងៃទី1កញ្ញា ខាងមុខនេះតទៅ និងផ្សាយមានផ្ទាល់៣Chanelនោះ សម្រាប់ការប្រកួតថ្ងៃដំបូងមាន5គូ ដែលមានគូខ្មែរនិងខ្មែរចំនួន3គូ និងគូបរទេសខ្មែរ-ថៃចំនួន2គូ។ លោក ម៉ា ស៊ីថេត ប្រធានចាត់ចែងកម្មវិធីប្រដាល់ប្រចាំនៅCBSនេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងការប្រកួតគូអន្តរជាតិពីរគូនោះ អ្នកដែលឈ្នះនឹងទទួលបានប្រាក់លានដែលជារង្វាន់បន្ថែមលើតម្លៃខ្លួនរបស់កីឡាករ ដែលក្នុងនោះអ្នកដែលឈ្នះទទួលបាន1លានរៀន ហើយបើស្មើគ្នា គឺកាច់ជាពីរ50ម៉ឺនម្នាក់ ។
លោក ស៊ីថេត បញ្ជាក់ទៀតថា ក្នុងមួយកម្មវីធី ឬមួយសប្តាហ៍ ខារ៉ាបាវត្រូវរ៉ាប់រងចំណាយសម្រាប់ប្រាក់រង្វាន់នេះចំនួន2លាន សម្រាប់ពីរគូនោះ ។ លោកបន្តថា កម្មវិធីនេះលោកយល់ឃើញថាល្អ ព្រោះវាបានជួយដល់ជីវភាពកីឡាករ ហើយក៏ជាការលើកទឹកចិត្ត ដើម្បីអោយកីឡាករខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាប្រកួតអស់ពីសមត្ថភាពផង៕