ការអប់រំ គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍលើគ្រប់វិស័យ។ យើងជឿជាក់ថា ប្រសិនបើយើងចង់ឃើញការប្រែប្រួលជាវិជ្ជមានជាច្រើននៅក្នុងពិភពលោក និងនាពេលអនាគតនោះ យើងពិតជាត្រូវការផ្តល់ការអប់រំមួយប្រកបដោយគុណភាពដល់កុមារនៅថ្ងៃនេះ។
បរិបទនៃពិភពលោក និងសង្គមជាតិមានការវិវឌ្ឍយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ កត្តាទាំងនេះតម្រូវឱ្យប្រព័ន្ធអប់រំយើងត្រូវយកចិត្តទុកដាក់តាមដាន និងរៀបចំកែលម្អកម្មវិធីសិក្សា និងសេវាកម្មអប់រំរបស់យើងឱ្យកាន់តែល្អប្រសើរ ដើម្បីធានាឱ្យបានថា “សិស្សគ្រប់រូបមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់កសាងអនាគតដ៏ត្រចះត្រចង់។
ដើម្បីសម្រេចគោលដៅនេះបាន សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍នឹងអនុវត្តកម្មវិធីសិក្សាគោល កម្មវិធីសិក្សាអម និងកម្មវិធីសិក្សាបន្ថែមឱ្យកាន់តែប្រសើរឡើងលើគ្រប់ចំណុច ជាពិសេសចំណេះដឹង និងជំនាញសម្រាប់សតវត្សរ៍ទី21 (21st Century Skills) ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម គំនិតច្នៃប្រឌិត និងការគិតវិភាគបែបស៊ីជម្រៅ(4 Cs: Communication, Collaboration, Creativity and Critical Thinking) ភាសាចិន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទម្លាប់ល្អទាំង7 សម្រាប់យុវជន និងសហគ្រិនភាព ដែលជាបំណិនជីវិតចាំបាច់សម្រាប់ភាពជោគជ័យក្នុងការងារ អាជីវកម្ម និងការរស់នៅនាពេលអនាគត។
ទន្ទឹមនឹងនេះដែរ ចំណេះដឹង និងជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងសិល្បៈ (STEM & Arts) ក៏ជាអាទិភាពមួយថ្មីទៀតរបស់សាលារៀនយើងខ្ញុំ ដែលពិចារណាក្នុងឆ្នាំសិក្សាថ្មីនេះផងដែរ។
ក្រៅពីការផ្តល់ចំណេះដឹង និងជំនាញនៃការអប់រំដល់សិស្សានុសិស្សហើយ សាលារៀនយើងខ្ញុំក៏បានបង្កើតនូវកម្មវិធីប្រឹក្សាយោបល់ផ្នែកអប់រំ និងចិត្តសាស្ត្រ និងអាជីពការងារដល់ប្អូនៗសិស្សានុសិស្ស និងមាតាបិតាដើម្បីជួយបំពេញបន្ថែមពីលើកម្មវិធីដែលយើងកំពុងដាក់ឱ្យអនុវត្តនៅតាមសាលារៀននីមួយ។
ការជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធដល់សិស្សានុសិស្ស តាមរយៈការបោះជំរំនៅតាមបណ្តាប្រទេសនានានៃសហគមន៍អាស៊ាន និងប្រទេសដទៃទៀត ព្រមទាំងការស្វែងរកសាលារៀនជាដៃគូក្នុងស្រុក និងនៅបរទេសដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍គ្រប់សាខា។
បវេសនកាលថ្មី ឆ្នាំសិក្សា2018-2019 នឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងនាមក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សដែលបានគាំទ្រកន្លងមកលើសេវាកម្មអប់រំរបស់សាលារៀនយើងខ្ញុំ។
បវេសនកាលថ្មី ឆ្នាំសិក្សា2018-2019 នឹងចូលរៀនថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 “ចុះឈ្មោះបុត្រធីតានៅថ្ងៃនេះ ដើម្បីទទួលបានការសិក្សាទាំងគ្រួសារ” និងសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 092 888 499 ៕