សាលា ខេមប្រ៊ីជ អន្តរជាតិកម្ពុជា គឺជាសាលាដែលផ្តល់សេវាកម្មមើលថែទាំកុមារតូច និងមត្តេយ្យសិក្សា ព្រមទាំងផ្តល់ការអប់រំកម្រិតថ្នាក់បឋមសិក្សា និងមធ្យមសិក្សា បានរៀបចំធ្វើកម្មវិធីចែកវិញ្ញាបនបត្រ និងប័ណ្ណសរសើរដល់សិស្សមត្តេយ្យសិក្សានៃ Cambridge Child Development Centre កាលពីព្រឹកថ្ងៃសៅរ៍ ទី21 ខែកក្កដា ឆ្នាំ2018 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា – កូរ៉េ(CKCC)។
និងប័ណ្ណសរសើរដល់សិស្សកម្រិតថ្នាក់មត្តេយ្យសិក្សានេះ ក៏មានការសម្តែងសមត្ថភាព និងសិល្បៈជាភាសាខ្មែរ អង់គ្លេស និងចិន ពីសំណាក់ប្អូនៗសិស្សានុសិស្សផងដែរ ដែលកម្មវិធីនេះមានការចូលរួមយ៉ាងច្រើនពីសំណាក់មាតាបិតាសិស្ស សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងភ្ញៀវកិត្តិយស ដែលសរុបមានចំនួនប្រមាណជាង 200នាក់។ ក្នុងកម្មវិធីចែកវិញ្ញាបនបត្រនេះដែរ មានសិស្សបញ្ចប់វគ្គសិក្សាក្នុងឆ្នាំ2018 នេះមានចំនួន 23នាក់ ដែលត្រូវចូលរៀនថ្នាក់បឋមសិក្សាអន្តរជាតិនៅឆ្នាំបន្ទាប់។ ឧទាហរណ៍ក្នុងឆ្នាំសិក្សា2018នេះ សាលាខេមប្រ៊ីជអន្តរជាតិកម្ពុជា មានសិស្សកម្រិតថ្នាក់មត្តេយ្យ សរុបចំនួន 63នាក់ និងសិស្សកម្រិតថ្នាក់បឋម និងមធ្យមសិក្សាសរុបចំនួន 117នាក់។
ថ្លែងក្នុងពិធីនេះដែរ លោកស្រី Joanne Lorena នាយិកាមត្តេយ្យសិក្សានៃ Cambridge Child Development Centre បានមានប្រសាសន៍ថា លោកស្រីមានមោទនភាពក្រៃលែង ចំពោះសមិទ្ធផលដែលសិស្សានុសិស្ស និង លោកគ្រូ-អ្នកគ្រូសម្រេចបានក្នុងឆ្នាំនេះ ហើយថ្ងៃនេះជាពេលវេលាដែលក្រុមគ្រួសារ ក៏ដូចជាសហគមន៍ បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ លោកស្រីសង្ឃឹមថា សិស្សានុសិស្សនឹងមានភាពសប្បាយរីករាយក្នុងការសិក្សានៅឆ្នាំបន្ទាប់។
ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សរបស់សាលា ខេមប្រ៊ីជ អន្តរជាតិកម្ពុជាថ្មីៗនេះផងដែរ សិស្សចំនួន 17នាក់ ពីថ្នាក់ទី4 ដល់ទី7 នៃសាលា ខេមប្រ៊ីជ អន្តរជាតិកម្ពុជាបានចូលរួមកម្មវិធីប្រឡងគណិតវិទ្យា និងវិស្វកម្មប្រចាំអាស៊ី2018 ដោយលទ្ធផលទទួលបានមេដាយមាសចំនួន 10គ្រឿង និងមេដាយប្រាក់ចំនួន 7គ្រឿងផងដែរ។
គួរបញ្ជាក់ផងដែរថា សាលា ខេមប្រ៊ីជ អន្តរជាតិកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ2008 មកម្ល៉េះ ដែលកម្មវិធីសិក្សាស្របតាមពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា។ គ្រប់មុខវិជ្ជានៃកម្មវិធីសិក្សាត្រូវបានបណ្តុះបណ្តាលជាភាសាអន្តរជាតិ ដែលទទួលស្គាល់ដោយប្រទេសជាង90។ ជាក់ស្តែង កម្មវិធីមត្តេយ្យសិក្សាត្រូវបានទទួលសិទ្ធិពីប្រទេសសិង្ហបុរី ចំណែកកម្មវិធីបឋមសិក្សា និងមធ្យមសិក្សាត្រូវបានទទួលសិទ្ធិពីប្រទេសអង់គ្លេស៕