ភ្នំពេញ៖ វ៉េស្ទឡាញន៍ គឺជាស្ថាប័នអប់រំមួយ ដែលបង្កើតឡើងដោយផ្អែកលើគោលការណ៍ គុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ ជាពិសេសគឺ ដើរស្របជាមួយកម្មវិធីសិក្សាបែបអឺរ៉ុប ដែលអាចផ្តល់ឱ្យសិស្សនូវចំណេះដឹង ទាំងផ្នែកបញ្ញា ស្មារតី សីលធម៌រស់នៅ និងកាយសម្បទា ហើយសម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀនវ៉េស្ទឡាញន៍បានបញ្ចូលនូវកម្មវិធីសិក្សាថ្មី ដែលមានឈ្មោះថា «កញ្ចប់សិក្សាសម្រាប់គ្រួសារ»។
តើកញ្ចប់សិក្សាសម្រាប់គ្រួសារមានអ្វីខ្លះ? ហើយផ្តល់គុណប្រយោជន៍យ៉ាងដូចម្តេចខ្លះ?
លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានបញ្ជាក់នៅក្នុងសិក្ខាសាលា ទម្លាប់ទាំង 7 សម្រាប់គ្រួសារ «គន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យ» នារសៀលថ្ងៃទី 14 ខែកក្កដាថា ឆ្នាំសិក្សាថ្មីនេះ គ្រប់សាខាសាលារៀនវ៉េស្ទឡាញន៍ទាំងអស់ត្រូវបានដាក់បញ្ចូលនូវកម្មវិធីសិក្សាថ្មី ដែលមានឈ្មោះថា «កញ្ចប់សិក្សាសម្រាប់គ្រួសារ» ដោយអាណាព្យាបាលចុះឈ្មោះបុត្រធីតា នឹងបានសិក្សាមួយគ្រួសារ។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា មូលហេតុដែលសាលារៀនវ៉េស្ទឡាញន៍បង្កើត «កញ្ចប់សិក្សាសម្រាប់គ្រួសារ» ដោយសារលោកបានគិតឃើញថា មាតាបិតាគាត់ត្រូវការចំណូល ហើយចំណូលគាត់កើតចេញពីរកស៊ី ឬធ្វើការ អីចឹងហើយបានជាយើង (សាលារៀនវ៉េស្ទឡាញន៍) បង្កើតកម្មវិធីសក្សានេះឡើង ដើម្បីជួយអាណាព្យាបាលឱ្យមានចំណូលនិរន្តរ៍កាន់តែល្អ និងរីកចម្រើនការងារ ឬមុខបរបរ ហើយក៏ចង់ឱ្យសុភមង្គលគ្រួសារកាន់តែល្អ ក៏ដូចជាយើងអាចធ្វើការជាមួយកូនគាត់បានច្រើន អីចឹងក្នុងហ្នឹងមានកម្មវិធីសិក្សាដោយឥតគិតថ្លៃនោះមានដូចជា៖
1/ កម្មវិធីបណ្តះបណ្តាលទម្លាប់ល្អទាំង 7
2/ កម្មវិធីបណ្តុះបណ្តាល និងប្រឹក្សាយោបល់ចិត្តសាស្ត្រ
3/ កម្មវិធីបណ្តុះបណ្តាលជំនាញអភិវឌ្ឍអាជីវកម្ម
4/ កម្មវិធីបណ្តុះបណ្តាលជំនាញអភិវឌ្ឍអាជីពការងារ។
លោក ប៉ិច បូឡែន បានបន្ថែមចុងក្រោយថា ដូច្នេះដើម្បីធានាឱ្យបុត្រធីតារបស់ពួកយើងគ្រប់រូប អាចទទួលបានចំណេះដឹង និងជំនាញដើម្បីឆ្លើយតបទៅនឹងគុ
ណភាពទីផ្សារការងារទាំងក្នុងបច្ចុប្បន្ន និងក្នុងពេលអនាគត គឺតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលទាំងអស់សហការគ្នា ដើម្បីលើកកម្ពស់ និងជ្រោមជ្រែងបុត្រធីតាក្នុងការអភិវឌ្ឍន៍ផ្នែកចំណេះដឹង។ ហើយដើម្បីបានសម្រេចនូវការអភិវឌ្ឍន៍មួយនេះ យើងឃើញថាការអប់រំ គឺជាការងារដ៏សំខាន់មួយដែលទាមទារពេលវេលា និងធនធានរបស់មាតាបិតា និងអាណាព្យាបាល។ ការអប់រំនេះនឹងទទួលបានលទ្ធផលផ្លែផ្កា សងត្រលប់មកវិញដ៏ល្អប្រសើរបំផុត សម្រាប់បុត្រាបុត្រីរបស់យើងក្នុងថ្ងៃអនាគត៕