ភ្នំពេញ៖ នៅថ្ងៃទី 11 ខែកក្កដានេះ ក្រុមការងារ TEAM (The Entrepreneur Association & Member) បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» ក្នុងគោលដៅចែករំលែក និងផ្លាស់ប្ដូរបទពិសោធលើការទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងគ្នា និងគ្នា ជាពិសេសជាមួយសមាជិកទាំងអស់ដែលបានចូលរួមនៅភោជនីយដ្ឋាន Samtoo ចាប់ពីម៉ោង 8:30 នាទីព្រឹក ដល់ម៉ោង 11 ព្រឹក។
គោលដៅសំខាន់នៃកម្មវិធី «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» នេះ គឺធ្វើឡើងដើម្បីប្រមូលផ្ដុំម្ចាស់ក្រុមហ៊ុន ម្ចាស់ជំនួញ និងអ្នកដែលមានបំណងចង់បង្កើតអាជីវកម្មថ្មីផ្ទាល់ខ្លួនឱ្យមកជួបជុំគ្នាដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធដែលទាក់ទងនឹងសិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។
នៅក្នុងកម្មវិធី «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» នេះផងដែរ នៅមានវាគ្មិនសំខាន់ៗជាច្រើនរូបទៀត ដូចជាលោក Frank Ebert ប្រធានទីផ្សារក្រុមហ៊ុន Biota Manufacturing , លោក ប៉ុល គិរីសម្បត្តិ ស្ថាបនិក TEAM, លោក សុក មុនី ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន Global Biomatrix និងលោក ហ្គោ សមន្ថា ស្ថាបនិកក្រុមហ៊ុនទឹកសុទ្ធ Super Gold។
វាគ្មិនទាំងអស់ខាងលើនេះ បានធ្វើបទបង្ហាញស្ដីអំពីបទពិសោធផ្ទាល់នៃសិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ដោយបទពិសោធទាំងនោះអាចនិយាយបានថា ជាមេរៀនថ្មី និងល្អសម្រាប់សមាជិកដែលបានចូលរួម។
សមាជិកដែលបានចូលរួមនៅក្នុងកម្មវិធី «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» មានអារម្មណ៍សប្បាយរីករាយ និងគាំទ្រចំពោះការរៀបចំឡើងដោយ TEAM ព្រោះពួកគាត់មានឱកាសបានជួបនូវមនុស្សសំខាន់ៗ ជាពិសេសគឺបុគ្គលដែលមានឥទ្ធិពលនៅក្នុងការសម្រេចចិត្តធ្វើជាដៃគូសហការទៅលើមុខជំនួញ ដោយសារតែសមាជិកដែលចូលរួមភាគច្រើន គឺសុទ្ធតែជាម្ចាស់ក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម និងម្ចាស់មុខជំនួញទាំងអស់៕