ភ្នំពេញ៖ ម៉ាកសញ្ញាហ្វេសិនដ៏ទាន់សម័យរបស់អង់គ្លេស Superdry បានបើកសម្ពោធហាងទីមួយរបស់ខ្លួននៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សាររបស់ខ្លួនមួយជំហានបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអន សែនសុខ ស៊ីធី នានៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2018នេះ។
កម្មវិធីសម្ពោធជាផ្លូវការហាងសម្លៀកបំពាក់ម៉ាក Superdry ប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែងជាមួយនឹងវត្តមានតារាកិត្តិយសល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ព្រមទាំងមានវត្តមានតារាសម្តែងដ៏ល្បីប្រចាំព្រះរាជាណាចក្រថៃផងដែរ គឺ លោក Mark Prin ផងដែរ។
ទន្ទឹមនឹងការបើកសម្ពោធហាងរបស់ខ្លួននេះ ហាង Superdry បាននាំមកជូនអតិថិជនទាំងអស់នូវឈុតខូលិកសិនរដូវក្តៅដ៏ស្រស់ស្អាត ដែលនឹងធ្វើឱ្យអ្នកនឹកឃើញដល់ឆ្នេរសមុទ្រពណ៌មាស និងផ្ទៃសមុទ្រពណ៌ខៀវ។ Superdry SS18 បានបញ្ចេញនូវការរចនាដែលប្រកបដោយផាសុកភាពលាយបញ្ចូលនូវម៉ូដស្អាតទាក់ទាញ ធ្វើឱ្យអ្នកពាក់មានទំនុកចិត្តទ្វេដង។
ដោយឡែក សម្លៀកបំពាក់បុរស ត្រូវបានរចនាឡើងប្រកបដោយថាមពល និងរស់រវើកក្នុងរដូវនេះ ដោយអាចប្រើបានសឹងគ្រប់កាលៈទេសៈ។ ការរចនាពិសេសនេះគឺការរចនាបែបមានស្រទាប់ មើលទៅជាស្ទីលទាន់សម័យ ងាយស្រួលពាក់ បូករួមនឹងការផ្តោតសំខាន់ទៅលើគុណភាពសម្លៀកបំពាក់ផងដែរ។
អ្វីដែលពិសេសនោះ ខូលិកសិនរដូវក្តៅ Superdry ត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យការលេងកីឡា ធ្វើដំណើរកម្សាន្ត និងដំណើរផ្សងព្រេងនៅខាងក្រៅរបស់អ្នក ពោរពេញដោយថាមពល ហើយក្លាយជាអនុស្សាវរីយ៍រដូវក្តៅដ៏សប្បាយរីករាយ។
ហាងទី1 របស់ Superdry Cambodia ស្ថិតនៅក្នុងហាងលេខ T014 ជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីអនសែនសុខ ផ្លូវលេខ 1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មាកសញ្ញា Superdry ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2003 បន្ទាប់ពីមានការជំរុញចិត្តមួយក្នុងដំណើរទៅកាន់ទីក្រុងតូក្យូ ដែលមានបំណងបង្កើតសម្លៀកបំពាក់ដែលភាពដាច់ដោយឡែក និងលេចធ្លោ តាមរយៈរូបភាពសិល្បរបស់ជប៉ុន និងរសនិយមបែបបុរាណរបស់អាមេរិក បូករួមនឹងការថ្នៃប្រឌិតថ្មីតាមបែបអង់គ្លេស។ Superdry គឺម៉ាកសញ្ញាសម្លៀកបំពាក់ដែលរចនាឡើង ដើម្បីឆ្លុះបញ្ចាំងពីអត្តចរិត និងស្ទីលរបស់អ្នកពាក់ តែមិនកំណត់អាយុ មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ Superdry មានហាងចំនួន169 នៅក្នុង45ប្រទេស ដែលរួមមានហាងល្បីៗនៅទីក្រុងឡុងដ៍ ញូវយ៉ក ប៊ែរឡាំង បូឡូញ និងប្រេស៊ីលផងដែរ៕