នាព្រឹកថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2018 នេះ សាលារៀនវេសឡាញន៍ បានរៀបចំពិធីជំនួបអ្នកគ្រូលោកគ្រូជាពិសេសមួយក្នុងកម្មវិធី ” The 4th Annual Teacher Forum 2018 ” នៅក្នុងបរិវេណសាលារៀនវេសឡាញន៍សាខា ដូនពេញ ដែលកន្លងមកមានការរៀបចំឡើង ជារៀងរាល់មួយឆ្នាំម្ដង។ គោលបំណងសំខាន់នៃការជួបជុំនេះ លោកគ្រូអ្នកគ្រូនៃសាលារៀនវេសឡាញន៍ បានក្ដោបឱកាសបន្ថែមនូវការភិវឌ្ឍផ្នែកបង្រៀនមួយផ្នែកទៀត ដើម្បីឱ្យកាន់តែមានភាពពេញលេញដោយទេពកោសល្យ និងគរុកោសល្យនៃការបង្រៀន។
ដោយសង្កេតឃើញថា លោកគ្រូអ្នកគ្រូមានតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនសិស្សឱ្យមានគុណភាព ទើបសាលារៀនលំដាប់ជាតិ និងអន្ដរជាតិមួយនេះ មានគោលបំណងគ្រោងបញ្ចូលកត្តាលិករចំនួន 2 ធំៗ ដើម្បីឱ្យសិស្សដែលរៀននៅសាលានេះ កាន់តែស្រឡាញ់ការសិក្សា និងក្លាយខ្លួនជាសិស្សពូកែ ព្រមទាំងទទួលបានលិទ្ធផលនៃការសិក្សាល្អផងដែរ។ លោក តែ ឡាយ ជានាយកផ្នែកអប់រំ និងធនធានមនុស្សនៃក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប (WEG) បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា « លោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សពោពេញទៅដោយសមត្ថភាពពេញលេញហើយគឺជាកត្តាមួយផ្នែក តែសាលារៀនវេសឡាញន៍ បានរៀបចំកម្មវិធីនេះឡើង ដើម្បីអភីវឌ្ឍន៍សមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូបានមួយកម្រិត ដើម្បីឱ្យលិទ្ធផលនៃការសិក្សារបស់សិស្សកាន់តែពូកែឡើងៗ។ នៅក្នុងនោះដែរ សាលាយើងខ្ញុំ គ្រោងនិងបញ្ចូលកត្តាលិករ 2 ធំៗ ក្នុងការឱ្យសិស្សបានស្រឡាញ់ការសិក្សាបែបតិចណូឡូជី »។
លោកបានបន្ដថា ដោយហេតុតែបច្ចុប្បន្ននេះសកលលោក បានបញ្ជូលនូវការសិក្សាបែបវិទ្យាសាស្ត្រទំនើបជាមួយប្រព័ន្ធបច្ចេកវិទ្យារួចមកហើយ ទើបបានជាសាលារៀនវេសឡាញន៍ គ្រោងត្រៀមបញ្ចូលកត្តាលិករ 2 ធំៗនៃកម្មវិធីសិក្សាបែបតិចណូឡូជី រួមមានកម្មវិធី Kahoot និង Quizlet ដែលសុទ្ធសឹងជាកត្តាលិកជំរុញដល់ការសិក្សារបស់សិស្សឱ្យកាន់តែពូកែ និងមានគុណភាពបំផុត។ លោកបញ្ជាក់ថា សិស្សអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងបានតាមរយៈកម្មវិធីទាំងពីរនេះ ដោយមាន ឬគ្មានទូរស័ព្ទដៃបាន តែទទួលបានគុណប្រយោជន៍នៃការដុសខាត់ចំនេះដឹងបានដូចគ្នា។ ម៉្យាងវិញទៀត សិស្សក៏ធ្វើកិច្ចសាលា និងរៀនមេរៀនដោយខ្លួនឯងបាន ដោយមិនចាំបាច់គ្រូបង្រៀនជាអ្នកប្រាប់ទាំងស្រុងនោះទេ។
គួរបញ្ជាក់ផងដែរថា វេទិកាពិភាក្សាគ្នា ចែករំលែកបទពិសោធន៍វិជ្ជាជីវៈនិងផ្តល់ការណែនាំយុទ្ធសាស្ត្រដល់លោកគ្រូអ្នកគ្រូនៃសាលារៀនវេសឡាញន៍នេះ ពិតជាបានលើកម្ពស់ទំនាក់ទំនងនិងទទួលបាននូវបទពិសោធន៍បង្រៀន និងសិក្សាបែបតិចណូលូជី ពីសំណាក់អ្នកជំនាញរយៈពេលជាច្រើនឆ្នាំ និងបានអនុវត្តភ្លាមៗតែម្ដង៕