ជាមួយនឹងភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស សញ្ញាវិជ្ជមាននៃការប្រកបជំនួញទៅលើការផ្គត់ផ្គង់ចំណីអាហារ និងភេសជ្ជៈម៉ាកល្បីៗនោះ ក្រុមហ៊ុន Luxury Smile (Cambodia) Co., Ltd បានប្រកាសពីការសម្រេចចិត្តនាំចូល និងចែកចាយផ្តាច់មុខបន្តនូវនំចំនួន២រស់ជាតិ ដែលជាប្រភេទអាហារសម្រន់ដ៏ល្បីប្រចាំនៅប្រទេសជប៉ុនមកចែកចាយបន្តផ្ដាច់មុខនៅលើទីផ្សារកម្ពុជាផងដែរ ។
ថ្លែងក្នុងឱកាសនៃការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវទីតាំងថ្មីរបស់ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលមានទីតាំងស្ថិតនៅអគារលេខ ០៩ ABEo ផ្លូវ ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួមជាមួយការប្រកាសបើកសម្ពោធក្រុមហ៊ុន Monsne Café លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ដែលជាអ្នកជំនួញដ៏ជោគជ័យ និងវ័យក្មេងនៅកម្ពុជា បានប្រកាសផងដែរថា ជាការអបអរសាទរសម្រាប់ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលបង្កើតជាផ្លូវការនូវក្រុមហ៊ុនបុត្រសម្ពន្ធ Monsne Café លោកឧកញ៉ា បានសម្រេចនាំយកនំបែបអាហារសម្រន់ចំនួនពីរប្រភេទមកកាន់ទីផ្សារកម្ពុជា។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា ចំពោះនំទាំង២ប្រភេទនេះ គឺជាប្រភេទនំសម្រន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ ក៏ដូចជាមនុស្សទូទៅយ៉ាងច្រើននៅប្រទេសជប៉ុន ។
ជាមួយនឹការនាំយកនំដ៏ល្បីឈ្មោះខាងលើនេះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ដែលជាអគ្គនាយកក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ក៏បានបញ្ជាក់ផងដែរថា ចំពោះនំទាំង២នេះ គឺស្ថិតនៅក្រោមស្លាកយីហោ Monsne Café ដោយមានឈ្មោះថា Monsne Hokkaido Cheese Tart និង Monsne Milk Lava ។ នៅក្នុងឱកាសជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ Monsne Café បើទោះជាទើបតែបានដំណើរការកាលពីពេលកន្លងទៅក្នុងរយៈពេលខ្លី ប៉ុន្តែជាលទ្ធផល ពេលនេះ ក្រុមហ៊ុនទទួលបានការស្នើរសុំទិញសិទ្ធិលក់ (Franchise) បន្តពីសំណាក់អតិថិជនចំនួន៦៨នាក់រួចទៅហើយ ដែលរង់ចាំតែការសម្រេចផ្តល់សិទ្ធិពីសំណាក់ក្រុមហ៊ុនតែប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនក៏កំពុងរៀបចំឯកសារដើម្បីលក់សិទ្ធិបន្តនៅតាមប្រទេសជិតខាងមួយចំនួនដូចជាប្រទេសថៃ និងប្រទេសឡាវជាដើម ។
លោកឧកញ៉ាបញ្ជាក់ថា ៖ ទាំងនេះគឺជាមោទនភាពថ្មីមួយក្នុងនាមជាអ្នកជំនួញ និងជាកូនខ្មែរ ដែលអាចបង្កើតម៉ាកសញ្ញា (Franchise) ដោយខ្លួនឯង ហើយអាចលក់បន្តចេញទៅក្រៅប្រទេស ហើយលោកនឹងបន្តព្យាយាមដំណើរពង្រីកសាខាលើមុខជំនួញមួយនេះឱ្យជោគជ័យ និងច្រើនកន្លែង ដើម្បីជាការចូលរួមចំណែកផ្តល់ជូននូវការងារដល់ពលរដ្ឋខ្មែរ ក៏ដូចជាការចូលរួមកាត់បន្ថយនូវភាពក្រីក្រផងដែរ ៕