នៅព្រឹកថ្ងៃទី 26 ខែឧសភា ឆ្នាំ 2018 នេះ សាលារៀនវេសឡាញន៍បានរៀបចំកម្មវិធី ការចុះអនុស្សរណៈ និងផ្សព្វផ្សាយកម្មវិធីប្រឹក្សាយោបល់ ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលមានការគោរពអញ្ចើញចូលរួមពីគណៈអធិបតី លោក លន់ ភារិន នាយកសិក្សាធិការវេសឡាញអេឌ្យូខេសិនគ្រុប នាយិកាសាលារៀនវេសឡាញសាខាច្បារអំពៅ លោកនាយកសាលារៀនវេសឡាញសាខាដូនពេញ និងលោកគ្រូអ្នកគ្រូសាលារៀនវេសឡាញន៍ រួមទាំងភ្ញៀវកត្តិយសជាអាព្យាបាល មាតា បិតា សិស្សទាំងអស់។
កម្មវិធីទាំងមូលបានផ្ដោតសំខាន់ចំពោះការលើកទឹកចិត្តនៃការសិក្សា ការពិភ្សាអំពីបញ្ហាផ្លូវចិត្តដែលអាចប៉ះពាល់ចំពោះការសិក្សា និងសុខមាលភាពអារម្មណ៍របស់សិស្សនុសិស្សបានកើតមានជំងឺបាក់ទឹកចិត្ត។ សាលារៀនវេសឡាញន៍មិនត្រឹមតែយកចិត្តទុកចំពោះការសិក្សារបស់សិស្សតែមួយប៉ុណ្ណោះនោះទេ ខាងសាលាក៏បានគ្រោងរៀបចំកម្មវិធីសំណេះសំណាលជាមតិយោបល់ប្រឹក្សា ដែលផ្ដល់ជូនចំពោះមាតាបិតា និងអាព្យាបាលសិស្ស ក្នុងដោះស្រាយពីបញ្ហាផ្លូវអារម្មណ៍ ដែលជាហេតុនាំឱ្យមានការបាក់ទឹកចិត្ត រហូតឈានទៅដល់ជំងឺបាក់ទឹកចិត្តតែម្ដង។ ឆ្លើយតបជាមួយការសំណូមពរបស់អាព្យាបាលទាំងអស់ សាលារៀនវេសឡាញន៍បានសហការជាមួយ អ្នកជំនាញផ្នែកប្រឹក្សាយោបល់ បង្កើតកម្មវីធីប្រឹក្សាយោបល់ និងសេវាកម្មប្រឹក្សាយោបល់ផ្នែកចិត្តសាស្ត្រ ក្នុងគោលបំណងគាំទ្រសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិស្សតែម្ដង។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឹក្សាយោបល់ដល់សិស្សានុសិស្ស ផ្នែកចិត្តសាស្ត្រ និងសម្ងាត់បំផុតនេះ គ្រោងចាប់ផ្ដើមបើកជាផ្លូវការណ៍ចាប់ពីខែ មិថុនា នេះតទៅហើយ ដោយមិនមានគិតថវិការនោះទេ ពោលគឺដើម្បីជួយសម្រួលសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងសាលារៀនវេសឡាញន៍ និង NorthLine នៅក្នុងតំបន់ដែលផ្ដោតលើគោលការណ៍សំខាន់ៗមួយចំនួនដូចជា៖ 1-ការប្រឹក្សាយោបល់ផ្នែកសិក្សាអប់រំ ( រៀនដើម្បីរៀន) ទី2-ការប្រឹក្សាយោបល់ផ្នែកសង្គម និងផ្លូវចិត្ត ( ការរៀនរស់នៅ) និងទី 3-ការប្រឹក្សាយោបល់ផ្នែកអាជីព ( ការរៀនធ្វើការ )។ ទាំងអស់នោះហើយ ដែលសាលារៀនវេឡាញ បានយកចិត្តទុក្ខដាក់ចំពោះការរស់ ការសិក្សា និងអនាគត់របស់សិស្ស ព្រមទាំងសុខភាពមាលភាពផ្លូវចិត្តរបស់ពួកគេផងដែរ ដើម្បីឱ្យជៀសផុតពីការកើតជំងឺបាក់ទឹកចិត្ត ដែលកំពុងតែសម្លាប់មនុស្សយ៉ាងកាចសាហាវដោយមិនដឹងខ្លួន៕