ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃខាងក្នុង លើកទី3 ដែលរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការជាមួយសមាគមស្ថាបត្យកម្មកម្ពុជារៀបចំរួមគ្នា គឺធ្វើឡើងកាលពីថ្ងៃទី24 ខែឧសភា ឆ្នាំ2018 នៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមប្រធានបទ “ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ” ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យសំណង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីប្រកាសបើកពិធីតាំងពិព័រណ៍នេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) ព្រមទាំងអ្នកតំណាង និងម្ចាស់ក្រុមហ៊ុនឧបត្ថម្ភកម្មនៅក្នុងកម្មវិធីតូចធំជាច្រើនរូបទៀត។
លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា៖«ឆ្នាំនេះគឺជាការរៀបចំពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ របស់យើងដែលនឹងផ្តល់ជូននូវឱកាសជាច្រើនសម្រាប់អ្នកចូលរួមក្នុងការរៀនសូត្រ។ យើងចង់ជំរុញប្រជាជនកម្ពុជា និងផ្តល់គំនិត និងចំណេះដឹងដល់ពួកគេក្នុងរបៀបរៀបចំលម្អនៅកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេឱ្យកាន់តែមានភាពប្រសើរឡើង»។
ការតាំងពិព័រណ៍នេះមានរយៈពេល3ថ្ងៃ គឺពីថ្ងៃទី24 ដល់ថ្ងៃទី26 ខែឧសភា ដោយមានការចូលរួមពីក្រុមហ៊ុនជាង150ក្រុមហ៊ុន ដែលមកពីទូទាំងពិភពលោក និងមានទំហំទីតាំងពិព័រណ៍ជិត4,000 ម៉ែត្រការ៉េ ដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ និងភាពច្នៃប្រឌិតថ្មីៗដល់អ្នកចូលរួមមកពីវិស័យស្ថាបត្យកម្មរចនាផ្ទៃខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ ក៏ដូចជាតាំងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋទូរទៅដែលជាម្ចាស់ផ្ទះ និងសាស្ត្រាចារ្យជំនាញក្នុងវិស័យនេះផងដែរ។
នៅក្នុងពិធីតាំងពិព័រណ៍នេះផងដែរ អ្នកចូលរួមនៅក្នុងកម្មវិធីតាំងពិព័រណ៍ក៏មានឱកាសក្នុងការទទួលបាននូវព័ត៌មាន និងចំណេះដឹងដោយផ្ទាល់ជាមួយនឹងវាគ្មិនល្បីៗ និងមានជំនាញផ្នែកស្ថាបត្យកម្ម និងការតុបតែងផ្ទៃខាងក្នុងផងដែរ៕