ស្ថិតនៅក្រោមទឹកចិត្ត និងស្មារតីខ្ពស់ក្នុងការចូលរួមចំណែកចែករំលែកនូវទុក្ខលំបាករបស់ជនក្រីក្រ ចាស់ជរា និងកុមារកំព្រាគ្មានទីពឹង ដែលជាបន្ទុករបស់សង្គមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលផងដែរនោះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានសហការជាមួយលោក តាំង គឹមឡេង ដឹកនាំសមាជិក និងក្រុមយុវជនស្ម័គ្រចិត្ត ចុះនាំយកអំណោយដែលមានគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ជនក្រីក្រ ចាស់ជរា ជនពិការ និងកុមារកំព្រាគ្មានទីពឹង ជាពិសេស មនុស្សចាស់ ដែលកំពុងប្រកបរបរដោយធាក់ស៊ីក្លូ សរុបចំនួន 500 នាក់ នៅទីលានសួនច្បារ មុខវត្តបទុមវតី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី20 ខែឧសភា ឆ្នាំ2018 នៅក្រោមប្រធានបទ «កុំភ្លេចខ្ញុំ» ។ សម្រាប់អំណោយទាំងអស់រួមមានដូចជា ៖ អង្ករចំនួន 10តោន, មីចំនួន 500កេស, ត្រីខកំប៉ុង ចំនួន 500យួរ, ទឹកបរិសុទ្ធចំនួន 500យួរ, ភួយចំនួន 500, ប្រេងខ្យល់ចំនួន500 និងក្រមាចំនួន 500 ។
មានប្រសាសន៍នៅក្នុងឱកាសនាពេលនោះ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Group និង Monsne Café ដែលជាអ្នកផ្តួចផ្តើមបង្កើតមូលនីធិសប្បុរសធម៌ ក្រោមប្រធានបទ «កុំភ្លេចខ្ញុំ» បានឱ្យដឹងថា ៖ «ថ្ងៃនេះខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានធ្វើកិច្ចការងារសប្បុរសធម៌ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ការងារសង្គម ក៏ដូចជាសម្រាលបន្ទុក ភាពលំបាកដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងបងៗ ប្អូនៗ ដែលជាជនពិការ ទុរគតជនទាំងអស់ ក្រោមការចង្អុលបង្ហាញពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ដែលជាអ្នកគ្រើនរំលឹក។ នៅក្នុងឱកាសនេះផងដែរ ខ្ញុំបាទ រួមជាមួយនឹងក្រុមការងារសប្បុរសធម៌ទាំងអស់ ពិតជាមានភាពរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយបានឃើញស្នាមញញឹមរបស់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនទាំងអស់ ដែលបង្ហាញនូវការស្រលាញ់ និងពេញចិត្តចំពោះក្រុមការងារសប្បុរសធម៌យើងខ្ញុំទាំងអស់គ្នា ដែលវាជាការផ្តល់កំលាំងចិត្តឱ្យខ្ញុំបាទ និងក្រុមការងារសប្បុរសធម៌ទាំងអស់ឱ្យមានកំលាំងចិត្តនៅក្នុងការផ្តូចផ្តើមនូវកម្មវិធីមូលនីធិ និងសប្បុរសធម៌នេះជាបន្តទៅមុខទៀត ។
លោកឧកញ៉ាក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ នេះគឺជាលើកទី10ហើយ ដែលក្រុមការងាររបស់ខ្ញុំបានចុះអនុវត្តដោយផ្ទាល់ក្រោមការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅស្រុក រួមជាមួយធនធានរបស់ខ្ញុំបាទផ្ទាល់មួយចំនួនផងដែរ ។ ដោយឡែកសម្រាប់ការចុះអនុវត្តកម្មវិធី «កុំភ្លេចខ្ញុំ»ជាបន្តនៅថ្ងៃខាងមុខឆាប់ៗនេះ ខ្ញុំបាទនឹងព្យាយាមបង្កើនជំនួយឱ្យបានច្រើនជាងនេះ សម្រាប់ចែកជូនលោកយាយ លោកតា ចាស់ជរា អ៊ុំ ពូ មីង និងបងៗ ប្អូនៗ ដែលជាជនពិការ និងទុរគតជននានា ប្រមាណចំនួន1000នាក់ ។ តាំងនាមខ្ញុំបាទ ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ និងក្រុមការងារសប្បុរសធម៌ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្អូនៗជាក្រុមយុវជនឈានមុខ ដែលបានដុតដៃដុតជើងអស់ទាំងកំលាំងកាយចិត្ត ដើម្បីជួយសម្រួលដល់កម្មវិធីនេះឱ្យមានភាពរលូន និងឆ្ពោះទៅមុខ»៕