កាលពីថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018កន្លងទៅនេះ ក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកាសវត្តមាននៃ “កម្មវិធីតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា លើកទី3” ដែលសន្និសីទសារព័ពណ៌មាននេះបានរៀបចំឡើងនៅសណ្ឋគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងដែនដី និងនគរូបនីយកម្ម លោក Chinakit Viphavakit នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ICVeX Co Ltd លោក សីុន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា លោក តាំង សុជាតិ វិទូ អនុប្រធានសមាគមស្ថាបត្យករកម្ពុជា និងអ្នកឧបត្ថម្ភកម្មវិធី ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនមកពីគ្រប់ស្ថាប័ន។
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជា បានវិលត្រឡប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី 3 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះ នឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង150 ទាំងក្នុងស្រុក និងទាំងក្រៅស្រុក ដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនា ដែលមកពីវិស័យស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មផងដែរ។ ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា ឆ្នាំ 2018នេះ ស្ថិតក្រោមប្រធានបទ “ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ។
លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា “សម្រាប់ពិព័រណ៍លើកទី3 ក្នុងឆ្នាំនេះ យើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្ត្រក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ។
ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល3ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជា ដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកម្សាន្ត រួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។ កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវ វីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ 2018 នៅថ្ងៃទី24 ខែឧសភា នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40 ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com៕