ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាលើកដំបូងរបស់សាលា Canadian International Schools ដែលបានបង្កើតឱ្យមានការប្រកួតកីឡាបាល់បោះ (Basketball) កីឡាវាយកូនបាល់ (Floor hockey) និងបាល់ទាត់ក្រុមតូច (Futsa) ក្រោមការចូលរួមពីសំណាក់ក្រុមកីឡាដែលជាសិស្សកំពុងសិក្សានៅក្នុងសាលាចំនួន5ផ្សេងគ្នា មកពី៥ប្រទេស រួមមានដូចជា សាលា The International School of Macao, The British Columbia International School of Bangkok, CIS Guangzhou, Sunway International School Kuala Lumpur និងសាលា Canadian International Schools រាជធានីភ្នំពេញ ដែលធ្វើជាម្ចាស់ផ្ទះទីលានប្រកួត ។
នៅក្នុងការប្រកួតជ្រើសរកជើងឯកដើម្បីទទួលពានក្នុងរយៈពេល3ថ្ងៃ ដោយចាប់ផ្តើមពីរសៀលថ្ងៃទី26 ដល់ព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2018 នៅទីលានប្រកួតក្នុងសាលា Canadian International Schools រាជធានីភ្នំពេញ រាល់សិស្សានុសិស្សដែលជាជាក្រុមកីឡាទាំងអស់ក្រៅពីបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ថែមទាំងទទួលបានបទពិសោធន៍ថ្មីៗពាក់ព័ន្ធជាមួយវិស័យកីឡាដែលជាជំនាញរបស់ខ្លួន រួមជាមួយនឹងការចង់ក្រងនូវទំនាក់ទំនងក្នុងលក្ខណៈមិត្តភាពផងដែរ។
បន្ថែមពីនេះ រាល់សិស្សានុសិស្ស ដែលជាសមាសភាពស្ថិតនៅក្នុងក្រុមកីឡា ក៏ដូចជាគ្រូបង្វឹកទាំងអស់ក៏បានរីករាយជាមួយកម្មវិធីជប់លៀងនាពេលរសៀលយ៉ាងសប្បាយប្រកបដោយភាពស្និទ្ធស្នាល នាពេលល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍ផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ពេលវេលានៃការបើកវគ្គប្រកួតនាឆ្នាំក្រោយនេះ សាលា Canadian International Schools បានសម្រេចកំណត់ថ្ងៃរួចរាល់ហើយ ដោយជ្រើសយកទីតាំងប្រកួតនៅសាលា Canadian International Schools ក្រុងម៉ាកាវ វិញម្ដង ៕