កាលពីថ្ងៃទី23 ខែសីហា ឆ្នាំ2018 នៅសណ្ឋាគារ សូហ្វ៊ីថែលភ្នំពេញ ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ Diners Club International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ Discover Financial Services ហើយក៏ជាសមាជិករបស់ Discover Global Network មួយដែរ។
អនុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងផ្តល់សិទ្ធិឱ្យធនាគារ PPCBank ផ្តាច់មុខក្នុងការចេញកាតរបស់ Diners Club International ក្នុងប្រទេសកម្ពុជា ដោយសារធនាគារបានមើលឃើញពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាជនកម្ពុជាព្រមទាំងកំណើននៃតម្រូវការរបស់ពួកគេចំពោះវិស័យធនាគារ។
លោក Shin ប្រធានប្រតិបត្តិធនាគារ PPCBank បានលើកឡើងថា ធនាគារនឹងរង់ចាំពិភាក្សាជាមួយដៃគូសហការគឺ Diners Club International ដើម្បីផ្តល់ជូននូវផលិតផលដែលមានកិត្តិនាមនេះដល់ប្រជាជនកម្ពុជាដើម្បីបំពេញ និងជំរុញព្រំដែននៃតម្រូវការផលិតផលដែលមានស្តង់ដារខ្ពស់ ហើយក៏ជាផ្នែកមួយដែលអាចជំរុញសង្គមកម្ពុជាឱ្យចូលរួមក្នុងការធ្វើសមាហរណកម្មសកលឱ្យទាន់ពេលផងដែរ។
ក្នុងនោះដែរ Diners Club International និងធនាគារ PPCBank បានសម្រេចការផ្តល់ជូននូវការបើកទូលាយសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់កាតពាណិជ្ជកម្មដែលកំពុងតែមានការពេញនិយម ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនពី Diners Club International រួមមាន ការចូលក្នុងកន្លែងសម្រាកលម្ហែរបស់ Diners Club នៅក្នុងព្រលានយន្តហោះជាច្រើនជាង 800កន្លែងទូទាំងពិភពលោក ការទទួលទានអាហារ ការធ្វើដំណើរ ការកម្សាន្ត និងទិញទំនិញនៅតាមហាងជាច្រើនជាង 50ប្រទេស ព្រមទាំងកញ្ចប់ដែលចំណេញប្រាក់សម្រាប់ការទិញអីវ៉ាន់តាមអ៊ីនធើណិតទៀតផង។
គួរបញ្ជាក់ផងដែរថា ធនាគារ PPCBank ត្រូវបានទទួលស្គាល់ថា ជាធនាគារពាណិជ្ជមួយដែលរីកចម្រើនយ៉ាងរហ័ស មិនត្រឹមតែទ្រព្យសរុបមួយផ្នែកនោះទេ តែចំនួនអតិថិជនក៏មានការកើនឡើងជាលំដាប់ផងដែរ។ ដើរតួនាទីជាធនាគារនៅក្នុងយុគសម័យដែលធ្វើប្រតិបត្តិការតាមបែបឌីជីថល និងការផ្តោតសំខាន់លើសេវាអតិថិជនក្រៅពីការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត ប្រព័ន្ធគ្រប់គ្រងសហគ្រាស និងប្រព័ន្ធបេឡាករចល័តសម្រាប់ការពិគ្រោះយោបល់ ធនាគារ PPCBank ក្នុងគោលបំណងធ្វើបដិរូបកម្មដើម្បីផ្តល់ជូននូវបទពិសោធថ្មីរបស់ធនាគារដល់អតិថិជនរបស់ខ្លួន រួមនឹងសេវាកម្មដែលមានស្តង់ដារខ្ពស់ចំពោះអតិថិជនដែលមានទ្រព្យសម្បត្តិច្រើន។ ក្នុងនោះដែរ ធនាគារ PPCBank មានការគាំទ្រពេញលេញពី JB Financial Group ដែលជាក្រុមហ៊ុនមានបទពិសោធជាច្រើនឆ្នាំលើជំនាញក្នុងការគ្រប់គ្រងជំនួញប័ណ្ណសកល អស់រយៈពេលជាច្រើនឆ្នាំដោយមានទ្រព្យសកម្មសរុបជិត 50ពាន់លានដុល្លារសហរដ្ឋអាមេរិក៕