ភ្នំពេញ៖ ក្នុងឱកាសជួបជាមួយអ្នកគាំទ្រ របស់ខ្លួនក្នុងថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ច ទេសចរណ៍នៅលើទឹកដីកម្ពុជា នាត្រីថ្ងៃទី4 ខែមេសា ឆ្នាំ2018 នៅកោះពេជ្រ លោក Ruud van Nistelrooy បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងសម្តែង នូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ដល់អ្នកគាំទ្រ ហើយប្រកាសថា នឹងទៅទស្សនា ប្រាសាទអង្គរវត្ត ដែលជាប្រាសាទ មានកេរិ៍ឈ្មោះល្បីល្បាញ លើពិភពលោក ។
លោក Ruud van Nistelrooy ដែលជាអតីតខ្សែប្រយុទ្ធ បាល់ទាត់របស់ក្រុម Manchester United និងក្រុម Real Madrid បានធ្វើការដង្ហែពាន UEFA Champions League ឆ្នាំ2018 និងបានជួបអ្នកគាំទ្រ ដែលរៀបចំដោយស្រាបៀរ Heineken ។
ក្នុងឱកាសជួបជាមួយ អ្នកគាំទ្ររបស់ខ្លួន លោក Ruud van Nistelrooy បានថ្លែងថា លោកមានដំណឹងល្អមួយ សម្រាប់បងប្អូនទាំងអស់គ្នា ហើយនឹងធ្វើឲ្យបងប្អូន មានភាពរំភើបរីករាយ ជាខ្លាំងផងដែរ នោះគឺរង្វាន់ដ៏ធំ ពីរូបលោកផ្ទាល់តែម្តង ។ នៅពេលដែលសួរថា តើលោក Ruud van Nistelrooy មានអារម្មណ៍យ៉ាងណា ដែលមកដល់ប្រទេសកម្ពុជា? លោក Ruud បានបញ្ជាក់យ៉ាងខ្លីថា ” លោកមានភាពសប្បាយរីករាយ ដែលមានឱកាស ជួបជាមួយពលរដ្ឋកម្ពុជា និងស្វែងយល់ពីប្រទេសកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមពីប្រជាជនកម្ពុជា ដោយក្នុងថ្ងៃទី 4ខែមេសានេះ ខ្ញុំបានធ្វើដំណើរទៅទស្សនាព្រះបរមរាជវាំង ហើយនៅថ្ងៃស្អែក ខ្ញុំនឹងទៅទស្សនា ប្រាសាទអង្គរវត្ត”។ ខ្ញុំចង់ទៅលេងឯខេត្តសៀមរាបអង្គរ ព្រោះខេត្តនេះសម្បូរទៅដោយ ប្រាងប្រាសាទជាច្រើន ដែលសុទ្ធសឹងតែជាប្រាសាទ ដែលមានកេរិ៍ឈ្មោះល្បី ជាពិសេសប្រាសាទអង្គរវត្ត ដែលមានភាពល្បីល្បាញ នៅទូទាំងសាកលលោក ខ្ញុំចង់ទៅលេងប្រាសាទ អង្គរវត្តខ្លាំងណាស់។
នារាត្រីចុងក្រោយនេះ កំពូលកីឡាករបាល់ទាត់ លោក Ruud van Nistelrooy បានចុះហត្ថលេខា ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅលើអាវ វត្ថុអនុស្សាវរីយ៍ និងបាល់ទាត់ និងមានការថតរូប ជាមួយកំពូលកីឡាករ បាល់ទាត់អន្តរជាតិ និងថតរូបជាមួយពានរង្វាន់ UEFA CHAMPIONS LEAGUE ជាដើម។
អមជាមួយវត្តមាន របស់លោក Ruud van Nistelrooy ស្រាបៀរ Heineken ក៏បាន អញ្ជើញតារាចម្រៀងល្បីៗ ដែលប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមច្រៀង កំដអារម្មណ៍ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅក្នុងរាត្រីនោះមានដូចជា៖កញ្ញារ៉េត ស៊ូស្ស៉ាណា ក្រុមក្មេងខ្មែរ កញ្ញាឡូ រ៉ាម៉មនិងក្រុមរាំប្រចាំស្រាបៀ Heineken ផងដែរ។សូមរំលឹកថា កម្មវិធីដំណើរទេសចរណ៍ រយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើង ដោយស្រាបៀរ Heineken ហើយកម្មវិធីនេះ នឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រ ទូទាំងពិភពលោក នូវឱកាសផ្ទាល់ ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ តាមរយៈយុទ្ធនាការ របស់ស្រាបៀរ Heineken ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”៕