ភ្នំពេញ៖ កាលពីថ្ងៃ១១ ខែមេសាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំប្រារព្ធពិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងឱកាសទិវាថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខាទាំង១៣ ទូទាំងប្រទេស។ ពិសេសប្លែកខុសពីសព្វមួយដង អតិថិជនរបស់ធនាគារទទួលបានភាពភ្ញាក់ផ្អើលរីករាយ តាមរយៈការតុបតែងជាលក្ខណៈប្រពៃណីខ្មែរ នៅតាមសាខារបស់ធនាគារ CIMB រួមមានការសម្តែងរបាំទ្រុត ការតុបតែងក្នុងសាខា ភេសជ្ជៈនិងនំខ្មែរ ព្រមទាំងសម្លៀកបំពាក់ប្រពៃណីរបស់បុគ្គលិកផងដែរ។ មិនតែប៉ុណ្ណោះ រាល់អតិថិជន ដែលបានអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ក៏ទទួលបានក្រមាខ្មែរ ទុកជាកាដូអនុស្សាវរីយ៍ទៀតផង។
នេះគឺជាការប្រារព្ធធ្វើទិវាថ្លែងអំណរគុណអតិថិជនលើកទី២ របស់ធនាគារ CIMB បន្ទាប់ពីទទួលបានមតិយោបល់ជាវិជ្ជមាន សម្រាប់ការប្រារព្ធពិធី កាលពីឆ្នាំមុន។ តាមរយៈកម្មវិធីយកចិត្តទុកដាក់ដល់អតិថិជននេះ ធនាគារ CIMB បានបង្ហាញពីការថ្លែងអំណរគុណ ដល់អតិថិជនគ្រប់រូប សម្រាប់ការបន្តគាំទ្ររបស់ពួកគេ។ ក្នុងឱកាសដ៏ឱឡារឹកនេះ ធនាគារ CIMB បានបង្កើតនូវភាពភ្ញាក់ផ្អើល ដោយផ្តល់នូវសេវាកម្មបម្រើអតិថិជនជាពិសេស ពីសំណាក់និងគណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិរួម (DCEO) និងនាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល។
កម្មវិធីនេះមិនត្រឹមតែបង្កើតនូវឱកាស សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជួរមុខរបស់ធនាគារប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវដំណើរការទទួលយកមតិយោបល់អតិថិជនដោយផ្ទាល់ផងដែរ។ ដោយមានការទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន គណៈគ្រប់គ្រងរបស់ធនាគារអាចយល់ដឹងកាន់តែច្បាស់អំពីកង្វះខាតនានា ដែលអតិថិជនកំពុងជួបប្រទះ។ ដូច្នេះធនាគារអាចកែលម្អ និងនាំយកសេវាកម្មបម្រើអតិថិជនល្អប្រសើរ ដើម្បីបំពេញតម្រូវការអតិថិជន។
លោកស្រីហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB បានថ្លែងថា៖ «នៅធនាគារ CIMB អតិថិជនគឺជាអ្វី ដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការបន្តគាំទ្ររបស់អតិថិជនបានរួមចំណែកដល់ភាពរីកចម្រើនឥតឈប់ឈររបស់ធនាគារ តាំងពីបើកដំណើរការដំបូង។ ហើយកម្មវិធីថ្ងៃនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំធនាគារ និងអតិថិជនដោយផ្ទាល់ ឲ្យកាន់តែជិតស្និទ្ធ។ នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់ និងតបស្នងដល់អតិថិជនរបស់យើង ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ ជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំថ្មី ទាំងអស់គ្នា»។
លោកសម្បត្តិ ដែលជាអតិថិជនរបស់ធនាគារ CIMB តាំងពីបើកដំណើរការធនាគារដំបូងមកម្ល៉េះ បានរៀបរាប់ពីបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារពិសេសដូច្នេះឡើយ។ ពេលមកដល់សាខានេះ ខ្ញុំឃើញបុគ្គលិកធនាគារស្លៀកពាក់បែបប្រពៃណី ហើយ CEO និងថ្នាក់ដឹកនាំរបស់ធនាគារ នៅក្នុងបញ្ជរ រួចបម្រើសេវាកម្មដល់ខ្ញុំ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ ហើយព្រមទាំងមានការប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីដ៏រីករាយទៀតផង»។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសាខាទាំង១៣ របស់ធនាគារ CIMB នៅទូទាំងប្រទេស មានអតិថិជនសរុបប្រមាណ ១.០០០នាក់ ដែលបានចូលរួមរីករាយ និងមានភាពភ្ញាក់ផ្អើល ក្នុងកម្មវិធីថ្លែងអំណរគុណអតិថិជន និងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អំឡុងពេលមួយថ្ងៃនេះ។ នេះគឺជាលើកទី២ហើយ ដែលធនាគារ CIMB បានរៀបចំព្រឹត្តិការណ៍រំភើបរីករាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជម្រុញឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការអាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០៕