ផ្អែកតាមការស្រាវជ្រាវរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបលើកឡើងថា ស្ត្រីវ័យក្មេងមកពីជនបទនៃប្រទេសកម្ពុជា ត្រូវបានគេជួញដូរដើម្បីរៀបការដោយបង្ខំនៅប្រទេសចិន។ អង្គការ IOM X បានចាក់បញ្ចាំងខ្សែវីដេអូលើកដំបូងមួយ ដើម្បីលើកកម្ពស់ការអនុវត្ត និងលើកទឹកចិត្តស្ត្រីកម្ពុជាវ័យក្មេង ឱ្យធ្វើការស្វែងរកព័ត៌មាន មុនពេលសម្រេចចិត្តរៀបការ ដើម្បីទៅរស់នៅក្រៅប្រទេស។
អង្គការ IOM X គឺជាយុទ្ធនាការរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច។ ការរៀបការដែលគេរៀបចំឱ្យនៅប្រទេសកម្ពុជា គឺជាការអនុវត្តដែលមានការទទួលស្គាល់ដោយសង្គម ជាពិសេសនៅតាមទីជនបទ ដូច្នេះហើយការរៀបការទៅប្រទេសចិន រៀបចំដោយមេខ្យល់ គឺមិនមែនជារឿងចម្លែកឡើយ។ មានស្ត្រីជាច្រើនទៅប្រទេសចិនដោយស្ម័គ្រចិត្ត ដោយសារតែការលួងលោមថា នឹងមានឱកាសរកលុយផ្ញើត្រឡប់មកផ្ទះវិញ។
ជារឿយៗ ស្ត្រីទាំងនោះ ជឿជាក់ថា ពួកគេមានសិទ្ធិក្នុងការជ្រើសរើសគូស្រករ និងបដិសេធអាពាហ៍ពិពាហ៍ ប្រសិនបើពួកគេមិនពេញចិត្ត។ មេខ្យល់ នឹងប្រាប់ដល់ស្ត្រីទាំងនោះថា ពួកគេនឹងអាចផ្ញើប្រាក់មកផ្ទះ ដោយសារការរៀបការជាមួយបុរសអ្នកមាន ឬអាចធ្វើការនៅប្រទេសចិនបាន។ បើទោះបីជាមានស្ត្រីជាច្រើនចំណាកស្រុកទៅចិនដើម្បីរៀបការ ហើយរីករាយនឹងជីវិតរបស់ពួកគេនៅទីនោះក៏ដោយ ប៉ុន្តែស្ត្រីមួយចំនួន ត្រូវបានបង្ខំឱ្យរៀបការជាមួយបុរស ដែលពួកគេមិនពេញចិត្ត។ ស្ត្រីជាច្រើន ក៏មិនបានដឹងដែរថា ដើម្បីអាចធ្វើការស្របច្បាប់នៅប្រទេសចិនបាន ពួកគេត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍ស្របច្បាប់របស់ពួកគេ ហើយរស់នៅប្រទេសចិនបានរយៈពេល5ឆ្នាំជាមុនសិន។
ការពិតគឺមានភាពខុសគ្នាខ្លាំងណាស់ ទៅនឹងអ្វីដែលគេសន្យាជាមួយស្ត្រីវ័យក្មេងទាំងនោះ។ ពួកគេជារឿយៗ មិនមានជម្រើសថា ត្រូវរៀបការជាមួយអ្នកណាឡើយ ហើយជាទូទៅ ត្រូវបានគេលក់។ ថ្វីបើអ្នកអនុវត្តច្បាប់ នៅក្នុងប្រទេសចិន បានបន្តកិច្ចប្រឹងប្រែងក្នុងបំបាត់ការអនុវត្តបែបនេះក៏ដោយ ក៏នៅមានរបាយការណ៍ជាច្រើនអំពីស្ត្រី ដែលបានរៀបការទៅចិននោះ ប្រឈមនឹងការកេងប្រវ័ញ្ចផ្លូវភេទ ការរំលោភបំពាន ត្រូវបានគេបង្ខំឱ្យធ្វើការងារ ត្រូវបានគេដកហូតយកឯកសារអត្តសញ្ញាណ និងមិនទទួលបានសិទ្ធិជាមូលដ្ឋានមួយចំនួនរបស់ពួកគេផងដែរ។
អង្គការ IOM X ចាប់ដៃគូជាមួយមណ្ឌលព័ត៌មានស្ត្រី (WMC) ផលិតខ្សែភាពយន្តមួយឈ្មោះ «ការចំណាកស្រុកដោយជោគជ័យ»។ WMC គឺជាអង្គការក្រៅរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានមួយ ដែលមិនរកប្រាក់ចំណេញប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាមធ្យោបាយដើម្បីសម្រេចបាននូវសមធម៌យេនឌ័រនៅក្នុងប្រទេសកម្ពុជា ដោយឆ្លើយតបទៅនឹងបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ និងផ្លូវច្បាប់ ដែលពាក់ព័ន្ធនឹងស្ត្រី។
អង្គការ IOM ប្រចាំនៅកម្ពុជា រួមជាមួយនឹង WMC គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MoFAIC) អង្គការ UN-ACT អង្គការ Winrock អង្គការជំនួយផ្នែកច្បាប់ដល់ស្ត្រី និងកុមារ LSCW និងអង្គការCCPCR នឹងរៀបចំកម្មវិធីវិទ្យុ ជាឈុតចំនួន 4លើក ដើម្បីលើកកម្ពស់ចំណេះដឹងអំពីហានិភ័យ នៃការចំណាកស្រុកតាមរយៈការរៀបការទៅប្រទេសចិន ចំណាកស្រុកដោយភាពវៃឆ្លាត របៀបនៃការរៀបចំឯកសារ ដើម្បីធ្វើចំណាកស្រុក និងបញ្ហាប្រឈមដែលស្ត្រី អាចជួបប្រទះនៅពេលធ្វើចំណាកស្រុកទៅក្រៅប្រទេស។
កម្មវិធីវិទ្យុទាំង 4លើកនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បត៍ ចាប់ពីម៉ោង 2:10-3:00រសៀល នៅវិទ្យុស្ត្រីកម្ពុជា FM102 ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 26ខែមេសាទៅ។ កម្មវិធីវិទ្យុនេះ នឹងចាក់ផ្សាយ ឡើងវិញរៀងរាល់ថ្ងៃច័ន្ទចាប់ពីម៉ោង 4:10 ដល់ 4:35នាទីរសៀល ចាប់ពីថ្ងៃទី9 មេសា ហើយបញ្ចប់នៅថ្ងៃទី 30 មេសា។ វិទ្យុ វាយោ VAYO FM នឹងធ្វើការចាក់ផ្សាយនូវការចម្លងកម្មវិធីផ្សាយផងដែរនេះនៅថ្ងៃទី 17, 18, 20, 21, 22និងថ្ងៃទី 30ចាប់ពីម៉ោង 4:10នាទី រសៀល។ ខ្សែវីដេអូនឹងចាក់បញ្ចាំងតាមទូរទស្សន៍ PNN នៅថ្ងៃទី 5 ដល់ 6មេសា ចាប់ពីម៉ោង 7:50 ដល់ 8:00 យប់ និងនៅទូរទស្សន៍ MyTVនៅថ្ងៃទី 7 ដល់ 8មេសា ចាប់ពីម៉ោង 9:10 ដល់9:20 នាទីព្រឹក។
លើសពីនេះទៅទៀត ក្រុមការងាររបស់ WMC នឹងធ្វើដំណើរចុះទៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី 23 ដល់26ខែមេសា ដើម្បីចាក់បញ្ចាំងខ្សែវីដេអូនេះទៅដល់សហគមន៍ក្នុងភូមិនោះ។
ដើម្បីទស្សនាខ្សែភាពយន្តនេះ សូមចូលទៅកាន់គេហទំព័រ៖