ភ្នំពេញ៖ ការទិញគេហដ្ឋានផ្ទាល់ខ្លួន គឺជាការសម្រេចចិត្តសំខាន់បំផុតមួយ នៅក្នុងជីវិត។ ក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍសំណង់លំនៅស្ថាន មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ យើងសង្កេតឃើញថា សន្ទុះកើនឡើង នៃការស្វែងរកឥណទានគេហដ្ឋាន ពីស្ថាប័នហិរញ្ញវត្ថុ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រួសារវ័យកណ្តាល មានកម្រិតមួយខ្ពស់ផងដែរ។ ផ្អែកតាមស្ថិតិទិន្នន័យរបស់ធនាគារជាតិ គិតត្រឹមខែតុលា ឆ្នាំ២០១៧ ចំនួនទឹកប្រាក់នៃឥណទានគេហដ្ឋាន ក្នុងចំណោមធនាគារពាណិជ្ជ និងធនាគារឯកទេស មានចំនួនជាង ៦ ៣០០ ប៊ីលានរៀល ឬប្រហែលនឹង ១ ៥៧៥ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំ២០១៦។
អត្រាកំណើន ប្រកបដោយភាពវិជ្ជមាន នៃឥណទានគេហដ្ឋាននេះ បានជម្រុញឲ្យមានភាពប្រកួតប្រជែងកាន់តែខ្ពស់ និងសម្បូរបែប ក្នុងវិស័យធនាគារ ដើម្បីបំពេញតម្រូវការអតិថិជន នៅលើទីផ្សារបច្ចុប្បន្ន។ សព្វថ្ងៃនេះ អត្រាការប្រាក់ និងរយៈពេលនៃឥណទាន ក្នុងប្រទេសកម្ពុជា គឺប្រហាក់ប្រហែលទៅនឹងទីផ្សារ ក្នុងតំបន់អាស៊ានផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា តែងតែឈានមុខគេ លើការផ្តល់ផលិតផល ប្រកបដោយភាពច្នៃប្រឌិត។ កាលពីឆ្នាំមុន ធនាគារបានសម្ពោធគម្រោង HomePro ដែលជាផលិតផលឥណទានគេហដ្ឋានបំដូងតែមួយគត់ ភ្ជាប់មកជាមួយនឹងការធានារ៉ាប់រងអាយុជីវិត តម្លៃរហូតដល់ ៥០ ០០០ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។
លោកស្រីហេង ធីតា នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ ស៊ីអាយអិមប៊ី បានឲ្យដឹងថា៖ «នៅធនាគារ ស៊ីអាយអិមប៊ី ការបំពេញតម្រូវការចាំបាច់របស់អតិថិជន គឺជាអាទិភាពចម្បងបំផុតរបស់យើង។ យើងជឿជាក់ថា គម្រោង HomePro ផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ ដែលរួមបញ្ចូលគ្នានូវឥណទានគេហដ្ឋានដ៏ល្អប្រសើរ និងការធានារ៉ាប់រងអាយុជីវិតដ៏មានតម្លៃ។ ធនាគារ ស៊ីអាយអិមប៊ី គឺធនាគារដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនដោយឥតគិតថ្លៃ នូវសេវាធានារ៉ាប់អាយុជីវិត សម្រាប់អតិថិជនផ្នែកឥណទានគេហដ្ឋាន ដើម្បីការពារអនាគតអតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។ ដូច្នេះពួកគេនឹងមានអារម្មណ៍ថា ទទួលបានសុវត្ថិភាពខ្ពស់ ពេលដែលសហការជាមួយធនាគារ ស៊ីអាយអិមប៊ី»។
ក្រៅពីការផ្តល់ជូននូវអត្រាការប្រាក់ទាបត្រឹមតែ ៧,៩៩% និងរយៈពេលឥណទានរហូតដល់ ២០ឆ្នាំ ធនាគារ ស៊ីអាយអិមប៊ី ក៏បានសហការជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងបុរីធំៗ ដើម្បីនាំយកលក្ខខណ្ឌពិសេស ទៅដល់អតិថិជនផងដែរ។ ការចាប់ដៃគូជាយុទ្ធសាស្ត្រនេះ ជួយឲ្យបុរី និងអតិថិជន ទទួលបានអត្ថប្រយោជន៍ ពីដំណើរការទិញលក់គេហដ្ឋាន។ សម្រាប់ផែនការអនាគត ធនាគារ ស៊ីអាយអិមប៊ី នឹងពង្រីកកិច្ចសហការ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងគម្រោងបុរីធំៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវជម្រើសកាន់តែសម្បូរបែប ជាមួយនឹងគុណភាពគេហដ្ឋានតាមស្តង់ដារ ដែលអតិថិជនចង់បាន។
ក្នុងឆ្នាំ២០១៨នេះ ផលិតផលឥណទានគេហដ្ឋាន ក្នុងវិស័យធនាគារ មានការរំពឹងទុកថា នឹងមានការប្រកួតកាន់តែខ្ពស់ ស្របទៅនឹងកំណើនទីផ្សាររបស់អតិថិជន។ ដូច្នេះធនាគារ CIMB នឹងបន្តរក្សាភាពឈានមុខគេ នៅលើទីផ្សារ សម្រាប់តម្រូវការហិរញ្ញវត្ថុ ដោយផ្តោតសំខាន់អំពីតម្រូវរបស់អតិថិជនជាអាទិភាព ទៅលើការអភិវឌ្ឍផលិតផលឥណទានគេហដ្ឋាន ដោយផ្តល់នូវអត្ថប្រយោជន៍ និងលក្ខខណ្ឌអនុគ្រោះខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត៕