Skip to content

ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ PPSEZ IDOL 2018 បង្ក​បរិយាកាស​សប្បាយ​រីករាយ​ដល់ក​ម្មករ-កម្មការិនី​ប្រចាំឆ្នាំ

ការរៀបចំ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កាល​ថ្ងៃទី31ខែមីនា ឆ្នាំ2018 កន្លងទៅ​ដែលមាន​ឈ្មោះថា “សង្ក្រាន្ត PPSEZ IDOL 2018” មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើន ដូចជា​លោកជំទាវ​វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកជំទាវ ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​តំណាង​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​សមាជិក​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ជាច្រើនរូប​បាន​ចូលរួម​លើកទឹកចិត្ត​ដល់ប្អូនៗកម្មករ​ទាំងអស់​ឱ្យមាន​ភាពសប្បាយ​រីករាយ​នៅក្នុង​ព្រឹត្តិការណ៍​ផងដែរ។

ក្នុង​ព្រឹត្តិការ​ណ៏​នេះ​មាន​បេក្ខជន-បេ​ក្ខ​នារី​ចំនួន 10រូប​ដែល​បាន​ឆ្លង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងការ​ប្រកួតប្រជែង​សម្រស់ និង​ទេពកោសល្យ​ពិសេស​ពី​ចំណោម​ក្រុមកម្មករ-កម្មការិនី​ជាច្រើន​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នានា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែល​បាន​សម្តែង​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​យ៉ាង​អស់ពី​សមត្ថភាព។ នៅក្នុង​ព្រឹត្តិការណ៍​នោះ​ថែមទាំង​មានការ​សម្តែង​សិល្បៈ​របាំ​បុរាណ របាំ​សហ​សម័យ ព្រមទាំង​មាន​វត្ដ​មាន​តារាល្បីៗ ដូចជា​លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុ​ឃីម និង​ក្រុម​កំប្លែង​នាយ​ពែ​កមី​ដើម្បី​ចូលរួម​បង្ក​បរិយាកាស​ដ៏​សែន​រីករាយ​ទៀតផង។

លោកជំទាវ​ឧកញ៉ា លីម ឈីវហូរ អគ្គនាយិកា​ក្រុមហ៊ុន ភ្នំពេញ PPSEZ ភីអិលស៊ី​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន ភ្នំពេញ PPSEZ បានរៀបចំ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​បែបនេះ​ជា​រៀងរាល់ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ2014មកម្ល៉េះ ដោយ​ទទួលជោគជ័យ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សាធារណជន ជាពិសេស​ពី​សំណាក់​បងប្អូន​កម្មករ-កម្មការិនី​យើង ហើយ​លើក​នេះ​គឺជា​ឆ្នាំ​ទី5ហើយ។ ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺជា​ការអបអរសាទ​រ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ខែមេសា​នេះ និង​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី1 ឧសភា ឆ្នាំ2018 ក្រោម​ប្រធានបទ “ដើម្បី​សន្តិភាព ស្ថិរភាព ការងារ និង​មុខរបរ” ផងដែរ។

លោកជំទាវ ស៊ើ​ង សរ​សុចិត្តា បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី5 ហើយ​ដែល​ក្រុមហ៊ុន​ភ្នំពេញ PPSEZ ភីអិលស៊ី បានរៀបចំ​កម្មវិធី​បែបនេះ ហើយ​លើក​នេះ​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន ដោយមាន​ការចូលរួម​ពី​អ្នកវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំងប្រទេស។ សំដៅ​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​បងប្អូន​កម្មករ-កម្មការិនី ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី132 នៃ​ទិវា​ពលកម្ម​អន្តរជាតិ 1ឧសភា ឆ្នាំ2018 ផងដែរ។ ក្មួយៗកម្មករ-កម្មការិនី​ដែល​បាន​ចូលរួម​ប្រកួតប្រជែង មិន​ត្រឹម​តែមាន​រូប​សម្ផស្ស​ស្រស់ស្អាត និង​មាន​សមត្ថ​ភាពល្អ​ខាង​សិល្បៈផ្សេងៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​យល់ដឹង​ច្បាស់​ពី​ច្បាប់​ការងារ ដែល​នឹង​ជួយ​លើកស្ទួយ​ដល់​សិ​ទិ្ធ និង​ផលប្រយោជន៍​កម្មករនិយោជិត​ក្នុង​វិស័យនេះ ហើយ​បាន​ចូលរួម​បំផុស​ឱ្យ​បងប្អូន​កម្មករនិយោជិត​របស់​យើង​បាន​ស្គា​ល់ពី​តម្លៃ​ការងារ​របស់ខ្លួន និង​កាន់តែ​ស្រឡាញ់​ការងារ​របស់ខ្លួន សំដៅ​បង្កើន​ផលិតភាព​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​ជាមួយ​និយោជក និង​គោរព​ច្បាប់​ការងារ​ទាំងអស់គ្នា​ទៀតផង។

លោកជំទាវ​វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ក៏បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះដែរ​ថា កម្មវិធី​នេះ​គឺ​ដើម្បី​លើកទឹកចិត្តក្មួយៗដែល​បាន​បម្រើ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ឱ្យបាន​បង្ហាញ​ស្នាដៃ​ដែល​បានធ្វើ​ការងារ នឹង​ទេពកោសល្យ សមត្ថភាព​របស់ខ្លួន។ យើង​អាច​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​បាន គឺ​ដោយសារ​មាន​សុខសន្តិភាព​ក្នុង​ប្រទេសជាតិ យើង​អាច​រក​ការងារ​ធ្វើបាន​ដូច​មាននៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដូច​សព្វថ្ងៃនេះ​បាន គឺ​ដោយសារ​មាន​សុខសន្តិភាព​ក្នុងប្រទេស​យើង ដូច្នេះ​សូម​បងប្អូន-ក្មួយៗខំប្រឹង​ធ្វើការ​ងារ​ឱ្យ​បានល្អ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ចូលមក​ប្រទេស​កម្ពុជា​យើង បង្កើត​ការងារ​បាន​កាន់​ច្រើន​សម្រាប់​បងប្អូន​យើង​បន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *