Residences Bel Air គឺជាគម្រោងសំណង់អគាររស់នៅសហកម្មសិទ្ធិដែលមានសលក្ខណៈខុសប្លែកស្រស់ស្អាតទំនើបជាងបណ្តាខុនដូ និងអាផាតមិន ដែលមាន និងកំពុងដំណើរនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ Residences Bel Air ដែលបានប្រារព្វពិធីប្រកាសដាក់លក់ជាផ្លូវការណ៍នៅភោជនីយដ្ឋានទំនើប Hearth Rock Cafe ស្ថិតនៅក្នុងអគារមណ្ឌលពាណិជ្ជកម្ម Exchange Square ក្រោមការចូលរួមពីសំណាក់បណ្តាអ្នកវិនិយោគផ្នែកអចលនទ្រព្យ ក៏ដូចជាអតិថិជនលំដាប់អភិជន ជាតិ-អន្តរជាតិ ព្រមទាំងបណ្តាអ្នកសារព័ត៌មានជាច្រើននាក់ កាលពីរាត្រីថ្ងៃទី31 ខែមីនា ឆ្នាំ2018កន្លងទៅនេះ មានកម្ពស់18 ជាន់ ស្មើនឹង 82 Units ក្រោមការបណ្តាក់ទុនវិនិយោគរួមគ្នារវាងអ្នកវិនិយោគជាជាតិខ្មែរ និងជនជាតិបរទេស សរុបចំនួន 8 លានដុល្លារសហរដ្ឋអាមេរិក ។
លោក ជា ឡាយឃាង អគ្គនាយក Residences Bel Air បានលើកឡើងថា អគារលំនៅដ្ឋានសហកម្មសិទ្ធិដែលមានលក្ខណៈស្អាតទំនើបតាមបែបបារាំងមួយនេះ នឹងត្រូវចំណាយពេលលើដំណើរការសាងសង់រយៈពេល 30ខែ (2ឆ្នាំកន្លះ) នៅលើទឹកដីដែលកំពុងមានការអភិវឌ្ឍយ៉ាងសកម្មនាតំបន់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ស្ថិតនៅទិសខាងកើត ឈាងខាងជើង រាជធានីភ្នំពេញ ដែលមានពន្លឺភ្លឺគ្រប់គ្រាន់ ខ្យល់អាកាសល្អបរិសុទ្ធ បក់ផាត់ពីដងទន្លេមេគង្គ និងដៃទន្លេសាបដែលនៅអមតួអគារទាំងមូល ក្រោមការរចនាប្លង់ពីសំណាក់កំពូលអ្នកជំនាញផ្នែកឌីហ្សាញ់ជនជាតិបារាំង រួមជាមួយនឹងគំនិតច្នៃប្រឌិតរបស់អ្នកជំនាញឌីហ្សាញ និងសាង់ជនជាតិកូរ៉េផងដែរ ។
ដោយឡែកសម្រាប់ ទីធ្លានៅក្នុង Units នីមួយៗ មានទំហំចាប់ពី 42 ម៉ែត្រការ៉េ រហូតដល់ 196 ម៉ែត្រការ៉េ ដោយមានការបែងចែកចេញជាទីកន្លែងសម្រាប់ទទួលភ្ញៀវ កន្លែងទទួលទានដំណេក ទីធ្លាលំហែរអារម្មណ៍ យ៉ាងប្រណីត ក្រោមការបំពាក់សម្ភារៈប្រើប្រាស់ទំនើបនាសម័យចុងក្រោយ ជាមួយនឹងតម្លៃចាប់ពី 8ម៉ឺនដុល្លារ ឡើងទៅ ជាមួយនឹងជម្រើសជាច្រើនសម្រាប់ការទិញធ្វើជាកម្មសិទ្ធិ ដោយមិនមានអត្រាការប្រាក់នោះឡើយ ។
កញ្ញា រ៉េត មេត្តា (Mercy) នាយកផ្នែកលក់ និងទីផ្សារ បានលើកឡើងផងដែរថា ៖ «Residences Bel Air ថ្វីត្បិតតែទើបតែចាប់ផ្តើមប្រកាសលក់ប៉ុន្តែយើងទទួលបានការកក់ទុកពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិមួយចំនួនហើយដែលភាគច្រើនពួកគាត់សុទ្ធតែជាអ្នកហដែលធ្លាប់បានរស់នៅ និងបានដឹងច្បាស់ពីគុណតម្លៃនៃប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិដែលមានលក្ខណៈតាមបែបបារាំងទំនើប ។
ជាមួយគ្នានេះក៏មានអ្នកវិនិយោគផ្នែកអចលនទ្រព្យក្នុងស្រុកមួយចំនួនទៀតផងដែរ ដែលបានកក់ទុកក្នុងគោលបំណងវិនិយោគបន្តទទួលភាគលាភនៅថ្ងៃខាងមុខ។ កញ្ញា មេត្តា បានបន្តទៀតថា ៖ «ជាការពិតណាស់ បច្ចុប្បន្ននេះនៅកម្ពុជា ដែលជាប្រទេសកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងជាពិសេសលើវិស័យអចលនទ្រព្យពិតជាមានការរីកចម្រើន ជាពិសេសលើវិស័យសំណង់ និងអគារស្នាក់នៅបែបទំនើប និងសហកម្មសិទ្ធិតែម្ដង ។
ប៉ុន្តែ ចំពោះ Residences Bel Air ហាក់មិនមានអ្វីដែលព្រួយបារម្ភពាក់ព័ន្ធទៅនឹងដំណើរការលក់នៅលើទីផ្សារមួយនេះឡើយ។ ភាពជឿជាក់របស់យើងក៏ព្រោះតែ Residences Bel Air មានភាពល្អខុសប្លែកពីបណ្តាសំណង់អគារទាំងអស់នោះ ខុសទាំងរូបភាពខាងក្រៅនៃការរចនាដ៏គួរឱ្យទាក់ទាញ ផ្តល់នូវផាសុកភាពខ្ពស់ក្នុងពេលស្នាក់នៅ មានប្រព័ន្ធការពារសុវត្ថិភាពដែលបំពាក់ដោយឧបករណ៍បញ្ចៀសហានីភ័យដ៏ទំនើបប្រកបដោយភាពជឿជាក់ ជាពិសេសស្ថិតនៅតំបន់អភិវឌ្ឍកម្រិតផ្កាយ5»៕