Skip to content

ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​នៅ​តៃវ៉ាន់ នឹង​មក​បង្ហាញ​វត្ត​មាននៅ​កម្ពុជា

ជាមួយនឹង​ការ​ព្យាករ​សម្រាប់​ឆ្នាំ2018 ដែល​កម្ពុជា​អាច​រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ 6,9% ក្រោម​ការទទួលបាន​លំហូរ​វិនិយោគ​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​អចលនទ្រព្យ ដែល​ឈរ​នៅ​លំដាប់​ទីមួយ​នោះ នៅ​អំឡុង​ខែឧសភា ឆ្នាំ2018 ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​ផលិត​ឱសថ​Nang Kuang Pharmaceutical Co.,Ltd ដែលមាន​រោងចក្រ​ផ្ទាល់ខ្លួន​ដ៏​ធំ​មួយ និង​ល្បីឈ្មោះ​នៅ តៃវ៉ាន់ បាន​សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​លើ​ការវិនិយោគ​មកកាន់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​មួយ​នេះ។ នេះ​បើ​យោងតាម​ការ​បង្ហើប​ប្រាប់​ឱ្យដឹងពី​សំណាក់​លោក ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Cambodia Co., Ltd ដែលជា​អ្នក​នាំយក​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​នេះ​មកកាន់​ប្រទេស​កម្ពុជា។

មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​ប្រចាំ​កាសែត “ឡា​រ៉ែ​ន ពាណិជ្ជ”កាលពីពេល​កន្លងទៅថ្មីៗនេះ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ បាន​លើកឡើងថា ចំពោះ​ក្រុមហ៊ុន​ផលិត​ឱសថ Nang Kuang Pharmaceutical Co.,Ltd គឺជា​ក្រុមហ៊ុន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​តៃវ៉ាន់​ជាច្រើន​ឆ្នាំ​មកហើយ ដោយបាន​ទទួលស្គាល់​ពី​ស្ថាប័នកំពូល​របស់​វិស័យ​សុខាភិបាល​ប្រចាំ​តំបន់ ជាមួយនឹង​ការ​ចរាចរ​យ៉ាង​ទូលំទូលាយ​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន ដូចជា សហរដ្ឋអាមេរិក ជប៉ុន សិង្ហ​បុរី ម៉ាឡេស៊ី និង​នៅតាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប​មួយចំនួនទៀត ហើយ​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​ទទួលស្គាល់ និង​គាំទ្រ​ផលិតផល​ផ្នែក​វិស័យ​សុខាភិបាល​របស់​ក្រុមហ៊ុន​មួយ​នេះ​ផងដែរ ដែល​ក្នុងនោះ​ក្រៅពី​ផលិតផល​ឱសថ​ហើយ នៅមាន​គ្រឿង​បរិក្ខារ​ពេទ្យ ក៏ដូចជា​ផលិតផល​ពាក់ព័ន្ធ​នឹង​ផ្នែក​សម្ផស្ស​ជាដើម​ផងដែរ។

លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “វា​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ដែលមាន​ក្រុមហ៊ុនធំៗ និង​ល្បីឈ្មោះ​នៅ​បរទេស ងាក​មក​ចាប់អារម្មណ៍​បោះទុន​វិនិយោគ និង​ចាប់​ជា​ដៃគូ​ជំនួញ​រួមគ្នា។ ចំពោះ​ក្រុមហ៊ុន Nang Kuang Pharmaceutical Co.,Ltd ដែលមាន​ចង្វាក់​ផលិតកម្ម​ផ្តោតទៅលើ​ការផលិត​ផលិតផល​សុខាភិបាល និង​មាន​ទីតាំង​រោងចក្រ​ផ្ទាល់ខ្លួន​នៅ​តៃវ៉ាន់​មួយ​នេះ ត្រូវបាន​បង្កើតឡើង​តាំងពី​អំឡុង​ឆ្នាំ1963 ក្រោម​កិច្ចដំណើរការ​យ៉ាងសកម្ម ប្រើប្រាស់​បច្ចេកវិទ្យា​រប​ស់ជ​ប៉ុន និង​មានលទ្ធភាព​អាច​រកបាន​ចំណូល​ប្រមាណ1800លាន​តៃវ៉ាន់ ស្មើនឹង​ប្រមាណ50លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយឆ្នាំ និង​មាន​បុគ្គលិក​ប្រមាណ​ជិត 800នាក់។ អ្វី​ដែលជា​លក្ខណៈពិសេស និង​ភាពលេច​ធ្លោ​របស់​ក្រុមហ៊ុន​មួយ​នេះ គឺ​ភាព​ជំនាញ​មាន​បទពិសោធ​ខ្ពស់ លើ​ការផលិត​ឱសថ​ទូទៅ ជាពិសេស​អាច​ស្រាវជ្រាវ និង​ផលិត​ថ្នាំ​បង្ការ​ជាច្រើន​ប្រភេទ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ក្នុងនោះ​រួមមាន​ដូចជា ថ្នាំ​បង្ការ​ជំងឺមហារីក, ជំងឺ​រលាកស្រោមខួរ, ថ្នាំ​បង្ការ​ជំងឺថ្លើម, បង្ការ​ជំងឺ​ផ្តាសាយ និង​ប្រតិកម្ម​ចាញ់​អាកាសធាតុ ជាដើម។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការបោះ​ជំហាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ ត្រូវបាន​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែលជា​អគ្គនាយក​ក្រុមហ៊ុន Luxury Smile Cambodia Co., Ltd និង​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន Nang Kuang Pharmaceutical Cambodia Co.,Ltd ប្រចាំ​នៅ​កម្ពុជា បាន​បង្ហើប​ប្រាប់ថា ជាមួយនឹង​ការសម្រេច​បោះទុន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ អ្នកតំណាង​ក្រុមហ៊ុន​ប្រចាំ​នៅ​ប្រទេស​តៃវ៉ាន់ រួម​ជាមួយនឹង​អ្នកតំណាង​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា ក្រោម​វត្តមាន​របស់លោក​ឧក​ញ៉ា​ផ្ទាល់ លោកជំទាវ  សា​ស៊ី​តាន់ ឡៅ​រ៉ូ​ពី​ន​យោ (SasitanLaorojpinyo) លោក Chen Li Shien លោក Alan Chen  លោក Eric Tan Choon លោក Teoh Boon Heng  លោក Kong Sovath លោក​វេជ្ជបណ្ឌិត ChhanVannak នឹង​បង្កើត​សកម្មភាព​យុទ្ធនាការ​សប្បុរសធម៌ ចុះ​ផ្សព្វផ្សាយ​ពី​បញ្ហា​ថែទាំ​សុខភាព រួមជាមួយ​ការផ្តល់ជូន​នូវ​ថ្នាំ​បង្ការ​ជំងឺ​មួយចំនួន​ដោយ​ឥតគិតថ្លៃ ទៅដល់​បណ្តា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្ថិត​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ផងដែរ ដោយ​ផ្តើមចេញពី រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និង​ខេត្តតាកែវ។

សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ គឺជា​អ្នកជំនួញ​វ័យក្មេង​នៅ​កម្ពុជា​ដែលមាន​ក្រុមហ៊ុន​ចំនួន9 នៅក្នុង​ដៃ រួមមាន​ក្រុមហ៊ុន ៖ Monsne Café Cambodia, Chicken Bucket Cambodia, Maya Cosmic Cambodia , Maya Cosmic Health and Beauty center, Firdo Cambodia , CSS Real Estate, LLC, និង​ក្រុមហ៊ុន MohaSerey Pawnshop ដែល​ទាំងអស់នេះ ស្ថិតនៅក្រោម​ក្រុមហ៊ុន CSS Development Group Co.,Ltd រួម​ជាមួយនឹង​ក្រុមហ៊ុន Nang Kuang Pharmaceutical CambodiaCo.,Ltd ដែល​នឹង​ចាប់ដំណើរការ​ក្នុងពេលឆាប់ៗខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *