ការប្រគំសិល្បៈ និងតន្ត្រីដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីការប្រកួតប្រជែងសម្រស់និងទេពកោសល្យ និងការសំដែងសិល្បៈ រួមជា មួយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដ៍ធំបំផុត សម្រាប់ទស្សនិកជន២៧០០០នាក់។
ព្រឹត្តិការណ៍សិល្បៈ និងការប្រគំតន្ត្រីប្រចាំឆ្នាំលើទីធ្លាដ៏ធំទូលាយ ប្រារព្ធឡើងសម្រាប់អបអរការរីកចម្រើន និងភាពជោគជ័យក្នុងឆ្នាំថ្មី នៅតំបន់សេដ្ឋកិច្ចពិសេសលំដាប់អន្តរជាតិឈានមុខគេនៅកម្ពុជា។
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេនៅកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ដែលមានឈ្មោះថា “សង្គ្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018” ។ ព្រឹត្តិការណ៏នេះ នឹងមានកម្មវិធីពិសេសៗដូចជា ការប្រកួតប្រជែងសម្រស់និងទេព្យកោសល្យពិសេស របស់កម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុននានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងសម្តែងសមត្ថភាពនិងទេពកោសល្យ នៅចំពោះមុខ មហាជន និងមានការដាក់ពិន្ទុកាត់សេចក្ដីដោយគណៈកម្មការសម្រាប់ជ្រើសរើសជ័យលាភី។ អី្វដែល គួរឱ្យចាប់អារម្មណ៍ និងធ្វើអោយព្រឹត្តការណ៍នេះកាន់តែសប្បាយ និងវិសេសវិសាលថែមទៀតនោះ គឺ មានការសំដែងសិល្បៈរបាំបូរាណ របាំសហសម័យ របស់ក្រុមសិល្បៈអាជីពកម្រិតខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្ដមានចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជាដូចជា លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម និងក្រុមកំប្លែងនាយពែកមីទៀតផង ។ ទស្សនិកជនដែលរំពឹងទុកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ នឹងមានប្រមាណ ២៧០០០នាក់។
លោកស្រី ហ៊ុន ចាន់ប៉ី អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភិអិលស៊ី និងជាអ្នករៀបចំកម្មវិធីឆ្នាំនេះមានប្រសាសន៍ថា “ យើងមានសេចក្តីគោរព និងអោយតម្លៃទៅដល់កម្មករ និងកម្មការិនី។ ជាការពិតនិង មានសារសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការធ្វើការងារជាក្រុម និងយល់អំពីសេចក្តីត្រូវការរបស់ពួកគាត់ និង មានការសហការល្អរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យការងារមានភាពរីកចម្រើន និងភាពលូតលាស់។ ហេតុដូច្នេះហើយ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ អមជាមួយនឹង កម្មវិធីសង្ក្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018 នាពេលខាងមុខនេះ គឺជាការបង្ហាញនូវការអោយតម្លៃ ការលើកទឹកចិត្ត និងពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត រវាងក្រុមការងាររបស់តំបន់សេដ្ឋកិច្ចពិសសភ្នំពេញ កម្មករកម្មការិនី អ្នកដឹកនាំ អ្នកវិនិយោគ និងសហគមន៍ដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសរបស់យើង ដើម្បីការសហការងារល្អនាពេលអនាគតបន្តទៅទៀត។ យើងខ្ញុំរង់ចាំទទួល និងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធី និងចូលរួមសប្បាយរីករាយទាំងអស់គ្នាក្រោយពីបានបំពេញការងារយ៉ាងសកម្មសម្រាប់ឆ្នាំកន្លងមក” ។
លោកជំទាវឧកញ៉ា លីម ឈីវហូរ អគ្គនាយិកាក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍នេះឡើង មានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍ជាលើកទី៥សម្រាប់ឆ្នាំនេះ និងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភ និងដៃគូសហការរបស់យើង ហើយនេះគឺជាការឆ្លើយតបដល់កម្មករកម្មការិនីរបស់យើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងឆ្នាំកន្លងទៅ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានអញ្ជើញភ្ញៀវសំខាន់ៗជាច្រើនដូចជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនៃស្ថានទូតជាច្រើនក្នុងប្រទេសកម្ពុជា ព្រមទាំងសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា” ។
“យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភកម្មវីធី និងដៃគូសហការទាំងអស់ សម្រាប់ការគាំទ្រដោយសប្បុរស ដើម្បីញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅបាន និងសម្រាប់ការបំពេញការងារយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះរយៈពេលពីរបីខែដោយគ្មាននឿយហត់” ប្រសាសន៍លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី។ “នៅពេលចាប់ផ្តើមកម្មវិធីនេះពីរបីឆ្នាំដំបូង យើងមានទស្សនិកជនចូលរួមប្រមាណជា១ម៉ឺននាក់ប៉ុណ្ណោះ។ លើកនេះ យើងសង្ឃឹមថា ចំនួនទស្សនិកជនចូលរួមនឹងកើនឡើង៣ដង ហើយខ្ញុំគិតថា វាជាកម្មវិធីប្រគុំតន្ត្រីសម្រាប់សហគមន៍ធំជាងគេ ដែលមានតែមួយគត់នៅកម្ពុជា។ យើងពិតជាអរគុណសម្រាប់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវីធីដ៏គួរឱ្យសប្បាយរីករាយមួយនេះ ដំណើរការទៅបាន និងទន្ទឹងរង់ចាំរាត្រីដ៏អស្ចារ្យនេះ” ។
ការប្រកួតប្រជែងឆ្នាំនេះ មានកម្មករកម្មការិនីចូលរួមដាក់ពាក្យប្រមាណជា៨០នាក់ ហើយការជម្រុះលើកទី១ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយជ្រើសរើសបានបេក្ខជនដែលត្រូវបន្តទៅកាន់វគ្គបន្ទាប់ចំនួន៤០នាក់ ប្រុស២០នាក់ ស្រី២០នាក់។ ការជម្រុះលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ដើម្បីសម្រាំងយកបេក្ខជនចំនួន១០នាក់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័តនៅលើឆាកនាថ្ងៃទី៣១ ខែមីនា៕