គម្រោងថ្មីជាងគេរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ គឺ Eden Garden បានក្លាយជាជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ2018 ដែលរៀបចំឡើងដោយក្រុមហ៊ុន PropertyGuru កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ2018 នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍគម្រោងសាងសង់ជាច្រើន។
គម្រោងហាងលក់ទំនិញ និងភោជនីយដ្ឋាន ដែលមានទំហំជាង 21,000ម៉ែត្រការ៉េ មួយនេះ បានឈ្នះពានរង្វាន់ល្អបំផុតជា “ គម្រោងអភិវឌ្ឍន៍អាជីវកម្មល្អបំផុត និងគម្រោងអភិវឌ្ឍន៍ដែលរចនាឡើងលក្ខណៈសកលល្អបំផុត” (Best Retail Development and Best Universal Design Development) ព្រមទាំងទទួលបានរង្វាន់ ” Best Retail Landscape Architectural Design និង Best Retail Architectural Design” ក្នុងចំណាត់ថ្នាក់ Highly Commended ។
«ពួកយើងមានកិត្តិយសខ្លាំងណាស់ ដែលបានឈ្នះពានរង្វាន់ក្នុងរាត្រីនេះ។ យើងបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាជាច្រើន ដើម្បីធានាឱ្យបានថាគម្រោង Eden Garden នឹងត្រូវបានសាងសង់ឡើងតាមការរំពឹងទុក។ ការទទួលបានពានរង្វាន់ទាំងនេះ គឺជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ដែលចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ទទួលបានបែបផែនជីវិតមួយកាន់តែទំនីប និងទាន់សម័យ»។ នេះជាការលើកឡើងរបស់លោក Faz Ghotbi នាយកក្រុមហ៊ុន Eden Garden (Cambodia) Co. , Ltd.។
លោបានបន្ថែមទៀតថា «នៅ Eden Garden ពួកយើងបានជ្រើសរើសហាងដោយប្រុងប្រយ័ត្នដើម្បីបំពេញតម្រូវការអតិថិជនឱ្យគាត់ទទួលបានបទពិសោធន៍ប្លែកៗពីភោជនីយដ្ឋានទាំងនោះ ហើយអតិថិជនរបស់យើង គឺផ្តោតទៅលើប្រជាពលរដ្ឋក្នុងតំបន់ ជនបរទេស និងអ្នកទេសចរជាតិ និងអន្តរជាតិ សម្រាប់ពួគគាត់មកលំហែកាយផងដែរ»។
មានហាងទំនិញ និងភោជនីយដ្ឋានល្បីៗជាច្រើនដែលកំពុងរៀបចំដំណើរការឆាប់ៗនៅ Eden Garden ក្នុងនោះមានដូចជាហាងកាហ្វេ Starbucks ដែលបើកដំណើរការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រៅពីនេះយើងក៏មានភោជនីយដ្ឋាន S&P Thai Restaurant & Bakery របស់ប្រទេសថៃ, Steps, Say Chiizu, Kyoka Sushi, ហាងផ្កា Rosemary Flowerbar, ហាងលក់សម្ភារៈកីឡា Fan Sports Store, ឱសថស្ថាន Help, ភោជនីយដ្ឋានបបរកង្កែប Geylang Frog Porridge និងហាងផ្សេងទៀតកំពុងចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ផងដែរ។ លើសពីនេះទៀត ផ្សារទំនើប SUPERSTORE, រោងភាពយន្ត LEGEND និងក្លឹបកំសាន្ត EPIC សាខាទីពីរ ក៏នឹងត្រូវបានបើកដំណើរការជាផ្លូវការ នៅអំឡុងខែឧសភា ឬ មិថុនាខាងមុខនេះផងដែរ។
ឆ័ត្រដែលមានគ្រោងខ្ពស់នៅ Eden Garden ដែលទទួលបានគំនិតរចនាពីកន្លែងកំសាន្ត Clarke Quay របស់ប្រទេសសិង្ហបុរី បានធ្វើឱ្យមានការទាក់ទាញយ៉ាងពិសេសនៅពេលរាត្រី ដោយមានភ្លើង7ពណ៌ចាំងឆ្លាស់គ្នា។ ទីធ្លាបើកទូលាយ មានផ្លូវថ្មើរជើង និងកន្លែងអង្គុយសម្រាកលំហែកាយ ព្រមជាមួយដើមឈើខ្ពស់បៃតង ស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកមកកំសាន្តនៅទីនេះ។ ទាំងនេះគឺជាទិដ្ឋភាពដ៏ថ្មី នៅរាជធានីភ្នំពេញ។
ភ្នំពេញស៊ីធីសេនធ័រ ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីនៃប្រទេសកម្ពុជា ដែលមានផ្ទៃដី 111.6 ហិកតា មានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងសាងសង់ជាបន្តបន្ទាប់។ កាលពីឆ្នាំមុន ភ្នំពេញស៊ីធីសេនធ័រ បានទទួលជ័យជំនះទៅលើគម្រោងលំនៅដ្ឋាន Residence90 ជាគម្រោងលំនៅដ្ឋានរចនាឡើងប្រកបដោយស្ថាបត្យកម្មល្អបំផុត, គម្រោង The Edge ជាអគារពាណិជ្ជកម្មដែលមានហាងលក់ទំនិញ ដែលកំពុងចាប់ផ្តើមសាងសង់ និងចុងក្រោយគឺអគារ The Vanguard ដែលជាការិយាល័យថ្មីដែលមានលក្ខណៈទំនើប និងទាន់សម័យរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ។
លោក Alex Lau នាយកក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា៖ “ភ្នំពេញស៊ីធីសេនធ័រ មានបំណងចង់ក្លាយទៅជាអ្នកអភិវឌ្ឍន៍ឈានមុខគេ តាមរយៈការបង្កើតសហគមន៍មួយប្រកបដោយនិរន្តភាព, មានភាពច្នៃប្រឌិតដ៏សម្បូរបែបរួមបញ្ចូលគ្នានៅក្នុងតំបន់។ យើងមិនមែនគ្រាន់តែជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែយើងជាអ្នករៀបចំគម្រោងផែនការនគរូបនីយកម្មទីក្រុង និងជាអ្នកអភិវឌ្ឍន៍មេសម្រាប់ការអភិវឌ្ឍន៍គម្រោងភ្នំពេញស៊ីធីសេនធ័រដ៏សំខាន់របស់យើង។ ” លោកបានបន្ថែមថា “ពួកយើងបានចាប់ផ្តើមគម្រោងនេះឡីង នៅពេលដែលយើងសម្លឹងឃើញឱកាសល្អខាងផ្នែកភោជនីយដ្ឋាន និងហាងភេសជ្ជៈ ដែលកំពុងតែមានសន្ទុះកើនឡើងក្នុងពេលបច្ចុប្បន្ននេះ” ។
ភ្នំពេញ ស៊ីធីសេនធ័រ ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ គឺជាគោលដៅដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជនបរទេស ហើយក៏ជាកន្លែងដែលមានអគារធ្វើអាជីវកម្មទំនើបៗ ប្រកបដោយមានភាពច្នៃប្រឌិត និងទាន់សម័យ។ លើសពីនេះទៀត ហេដ្ឋារចនាសម្ពន្ធ និងប្រព័ន្ធចរាចរណ៍គឺត្រូវបានសាងសង់ និងរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីការរស់នៅ និងការធ្វើដំណើរមានសុវត្ថិភាពខ្ពស់។ វត្តមានរបស់កន្លែងកម្សាន្តដែលបើកដំណើរការ 24ម៉ោង Eden Garden នឹងបន្ថែមនូវគុណតម្លៃដ៏វិសេសនៅក្នុងទីក្រុងអភិវឌ្ឍន៍ថ្មី ភ្នំពេញស៊ីធីសេនធ័រ ដ៏ធំមួយនេះ ៕