ក្រុមអាណាចក្របៃតងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ដ៏ធំប្រចាំកម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពីបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល 2-1 នៅវគ្គផ្តាច់ព្រ័ត្រ និងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអតីតកំពូលតារាបាល់ទាត់លំដាប់ពិភពលោក Rayn Giggs ជា Brand Ambassador របស់ក្រុមហ៊ុនស្រាបៀរ Tiger និងតំណាងក្រុមហ៊ុនស្រាបៀរ Tiger ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។
ក្រោយលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឃើញថា 3G FC បានចាញ់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល 0-1 ខណៈក្រុមយុវជនទួលតាឯក មកពីខេត្តបាត់ដំបងបានចាញ់ក្រុមអាណាចក្របៃតង ដោយលទ្ធផល 2-3។ ទីបំផុត ក្រុម 3G FC ទទួលបានចំណាត់ថ្នាក់លេខ3 បន្ទាប់ពីយកឈ្នះក្រុមលេខ4 យុវជនទួលតាឯកដោយលទ្ធផលចាស់ដៃ 4-0។
ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញ អាណាចក្របៃតង ទទួលបានចំណាត់ថ្នាក់លេខ1 បន្ទាប់ពីយកឈ្នះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផលតឹងតែង 2-1 ។ ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស ក្រុមលេខ1 ៖ អាណាចក្របៃង ទទួលបានពាន1 មេដាយមាស និងរង្វាន់ 15,000 ដុល្លារ, ក្រុមលេខ2 ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ទទួលមេដាយប្រាក់ និងរង្វាន់ 5,000 ដុល្លារ ។ ក្រុមលេខ3 ៖ 3G FC ទទួលមេដាយសំរឹទ្ធ និងរង្វាន់ 2,500 ដុល្លារអាមេរិក។ ក្រុមលេខ4 ៖ យុវជនទួលតាឯក ទទួលបានរង្វាន់ 1,000 ដុល្លារអាមេរិក ៕