ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង12ក្រុម ឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ និងជកចិត្តបំផុតរយៈពេល៣ថ្ងៃ។ មណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ មានក្រុមចូលរួមច្រើនជាងគេសម្រាប់រដូវកាលទី6នេះ មានរហូតដល់ទៅ 116ក្រុម និងប្រើពេលប្រកួត3ថ្ងៃគិតតាំងពីថ្ងៃពុធ ទី7 ដល់ថ្ងៃសុក្រទី9 ខែមីនានេះ នៅមុខសាលមជ្ឈមណ្ឌលកោះពេជ្រទើបរកបានក្រុម12ឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺក្រុមការពារតំណែងជើងឯកទូទាំងប្រទេសឆ្នាំចាស់ Victory Youth FC បានធ្លាក់បាត់ហើយ សូម្បីតែស្ថិតក្នុងចំណោម12ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសក៏គ្មានផង។ ដោយលែកក្រុម Home Sport Original ដែលសំបូរទៅដោយកីឡាករវ័យក្មេងនោះ បានយកឈ្នះលើក្រុម Ov Mal FC យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 1 ទល់នឹង 0 ក្នុងម៉ោងបន្ថែម1នាទី។ សូមបញ្ជាក់ថា ក្រុមទាំង12ប្រចាំរាជធានីភ្នំពេញមានលេខ1៖ Home Sport Original ទទួលបាន 1500 ដុល្លារ អាមេរិក, លេខ2 ៖ Ov Mal FC ទទួលបាន1000 ដុល្លារ អាមេរិក, លេខ3 ៖ Victory FC ទទួលបាន500ដុល្លារ អាមេរិក, លេខ4៖ Down Town Sport Plus ទទួលបាន200ដុល្លារអាមេរិក,។ ចំណែកឯក្រុម អាណាចក្របៃតង, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈកីឡា, Rolling FC, Down Town ទទួលបានកៅអីឡើងទៅប្រកួតវគ្គព្រ័ត្រថ្ងៃទី10 និង 11 ខែមីនា នេះ៕